កាលពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៣ កន្លងទៅនេះ ខាងអង្គការ KYSD បានបង្កើតកម្មវិធីមួយ ដោយផ្តោតទៅលើ ទឹកដៃសរសេរទំនុកច្រៀង ហើយក៏ដើម្បីអបអរដល់ ការបើកសម្ពោធគេហទំព័រថ្មីរបស់អង្គការមួយនេះដែរ។
ក្នុងការចូលរួមប្រលងស្នារដៃនិពន្ធទំនុកច្រៀង ដែលរៀបចំដោយ KSYD មានបេក្ខជន បេក្ខនារី ជាច្រើននាក់ មកចូលដាក់ពាក្យប្រលង ដែលការដាក់ពាក្យនោះធ្វើឡើង តាំងពីខែតុលា ឆ្នាំ ២០១២ មកម្លេះ ហើយសម្រេចលទ្ធផលនៅថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៣។
ក្នុងការប្រលងប្រជែងយកស្នារដៃនេះដែរ ក៏មានវត្តមានចូលរួមពី កវីវ័យក្មេង នាង លឹម ផាន់ណា ដោយទទួលបានចំណាត់ថ្នាក់លេខ ២ ពី KYSD ។
លឹម ផាន់ណា បានប្រាប់ដល់គេហទំព័រដំណឹងថា “បងអើយ!ដំបូងឡើយខ្ញុំអស់សង្ឈឹមណាស់ ព្រោះថា ការចុះឈ្មោះរបស់ខ្ញុំ ដោយភ្ជាប់ទៅជាមួយនឹងទំនុកច្រៀងនោះ តាំងពីខែ តុលា តែស្ងាត់ឈឹងមិនឃើញគេខលប្រាប់សោះ នឹកស្មានតែធ្លាក់ទៅហើយបង។ រហូតដល់ថ្ងៃទី ៣ ខែ មករា ឆ្នាំ២០១៣ ទើបគេប្រាប់ថាជាប់ហើយ ដោយចំណាត់ល្អទៀត។ នាងបានបន្តទៀតថា ពេលឭដំណឹងនេះពិតជាធ្វើឲ្យខ្ញុំ រីករាយឡើងហោះជើងពីដីទៅហើយ ។ រហូតដល់ថ្ងៃទី ៧ ទើបទៅទទួលពាន់រង្វាន់ពី អង្គការ KYSD”។ នាងបានរ៉ាយរ៉ាប់បន្តទៀតថា “ទំនុកច្រៀងដែលនាងខ្ញុំដាក់ចូលរួមប្រកួតនោះ ក្រោមចំណងជើងថា តម្លៃធនធានធម្មជាតិ ដោយលំនាំបទ របាំចងស្នេហ៍”។
គួរបញ្ជាក់ផងដែរថា លឹម ផាន់ណា គឺជាកវីវ័យក្មេងរបស់ ផលិតកម្ម Diamond Music ។ក្រៅពីការសរសរទំនុកច្រៀងនេះដែរ នាងគឺរវល់សរសេររឿងប្រលោមខ្នាតខ្លីជាច្រើនទៀត ក្នុងនោះរួមមានរឿង បានថើបរសើបបេះដូង ទេពអប្សរតូច និងាមានរឿងជាច្រើនទៀត៕
មតិយោបល់