ភ្នំពេញៈ ខុសពីការលើកឡើងដែលថាហេតុផល សុខ សោម៉ាវត្តី សម្រេចចិត្តមិនទទួលការសម្ដែងបន្តទៀត បន្ទាប់ពីចប់ការសម្ដែងចំនួន៣រឿងនៅឆមាសទី២ ក្នុងឆ្នាំ២០១៦នេះ ដើម្បីផ្គាប់ចិត្តគូស្នេហ៍ នាងថ្លែងថាហេតុផលដែលនាំឲ្យនាងធ្វើបែបនោះ គឺដើម្បីខ្លួនឯងប៉ុណ្ណោះ។ នាងបដិសេធយ៉ាងដាច់អហង្កាថានោះមិនមែនជាគំនាបពីអ្នកណាម្នាក់ក្រៅពីខ្លួននាងឡើងដោយសូម្បីតែគ្រួសារក៏មិនបានបង្ខំឲ្យនាងសម្រេចចិត្តបែបនោះដែរ។
សុខ សោម៉ាវត្តី និយាយថា ការទទួលសម្ដែងច្រើន តាំងពីនាងធ្លាក់ខ្លួនមេម៉ាយ គឺជារឿងប្រសើរផង និងអវិជ្ជមានផង សម្រាប់នាងដែលជាតារាម្នាក់ ទើបនាងត្រូវតែដាក់កំហិតផ្អាកសម្ដែង។ ដ្បិតថាការសម្ដែងច្រើនរឿងគឺជាកត្តាធ្វើឲ្យនាងលេចធ្លោក្នុងភាពយន្ត ប៉ុន្តែនាងថាអារម្មណ៍ខ្លួនឯងយល់ថាជារឿងស៊ាំ យ៉ាងខ្លាំង ដែលក្នុងរឿងណាក៏មាននាងសម្ដែងៗ ហើយអាចនិយាយថាសឹងនឹងអស់ស្ទីលសម្ដែងឲ្យខុសប្លែកគ្នា។ ម្យ៉ាងមកពីនាងយល់ថាសម្ដែងច្រើនពេកអត់មានពេលវេលាផ្ទាល់ខ្លួន និងពិសេសជាមួយកូនស្រីនោះផង ទើបនាងត្រូវតែសម្រេចបែបនោះ។
នាងនិយាយថា នាងសម្រេចចិត្តឈប់មួយរយៈ គឺដើម្បីរកពេលរៀនជំនាញផង និងសំខាន់ជាងគេមានពេលមើលខុសត្រូវកូន កុំឲ្យកូនស្រីខ្វះភាពកក់ក្ដៅ។ អ៊ីចឹងហើយទើបនាងនិយាយថា ខ្លួនសម្រេចចិត្តបាត់មុខពីការសម្ដែង បន្ទាប់ពីរឿងចំនួន៣ទៀត ត្រូវបញ្ចប់នៅចុងឆ្នាំខាងមុខ មិនមានពាក់ព័ន្ធនឹងអ្នកណាឲ្យយោបល់ ឬដាក់កំហិត។ នាងនិយាយថា ការសម្ដែងគឺជាចំណូលចិត្ត ប៉ុន្តែទាន់ខ្លួននៅក្មេង នាងត្រូវតែរកពេលសម្រាប់ខ្លួនឯងខ្លះ ដូចជារៀនជំនាញណាមួយសម្រាប់បើកអាជីព និង ដើម្បីកូនស្រី។ ម្យ៉ាងមកពីនាងចាប់ផ្ដើមកើតអារម្មណ៍ស៊ាំខ្លួនឯង នៅក្នុងភាពយន្តផង ទើបសម្រេចចិត្តផ្អាកខ្លះ។ យ៉ាងណាមិញនាងថាសម្រាប់ពិធីការិនី គឺនៅតែបន្តនៅលើកញ្ចក់ទូរទស្សន៍បាយ័ន៕
មតិយោបល់