ព័ត៌មានជាតិ

ហាយឡែនឌ័រ បើកលឿនជ្រុលបុកម៉ូតូកង់បីប៉ើងខ្ទាត បណ្តាលឲ្យមនុស្ស៣នាក់ រងរបួស

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរស-នារី០២នាក់រួមដំណើរជាមួយគ្នា ក្នុងរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពាក់ផ្លាកលេខ ខេមរភូមិន្ទ បានបើកបរចេញពីក្នុងដីឡូត៍មួយកន្លែង បានជាន់ហ្គែជ្រុលទៅបុកកង់បី កំពុងធ្វើដំណើរតាមផ្លូវពេញទំហឹង បណ្តាលឲ្យប៉ើងខ្ទាតធ្លាក់ម្ចាស់កង់បី និងអ្នករួមដំណើរ០២នាក់ទៀត បណ្តាលឲ្យរងរបួស ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចខាងក្រោយផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូកង់បីមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1-CG 4496 ជិះគ្នា០៣នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម ខណ:មកដល់ត្រង់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ខេមរភូមិន្ទ 09 2. 5290 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយដោយស្រ្តីម្នាក់ទៀត បានបើកចេញពីក្នុងដីឡូត៍មួយកន្លែងក្នុងល្បឿនលឿន បានជាន់ហ្គែជ្រុល ទៅបុកកង់បីមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យម្ចាស់កង់បី និងអ្នករួមដំណើរពីរនាក់ រងរបួសស្រាល ចំណែកឯរថយន្តបង្កវិញ មិនទាន់អស់ល្បឿន បានជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹក ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន លោកក៏បានចុះមកដល់ធ្វើការទាក់ទងឲ្យរថយន្តស្ទូច យករថយន្តបង្កឡើងគោក រួចឲ្យភាគីទាំងសងខាង ធ្វើការចរចាដោះស្រាយគ្នា ដោយភាគីខាងរថយន្តបង្ក ព្រមសងសំណងទៅឲ្យភាគីខាងរងគ្រោះ ដើម្បីបញ្ចប់រឿង ៕

មតិយោបល់