ព័ត៌មានសិល្បៈ និងកម្សាន្ត

សុគន្ធ នីសា ឡើងឆាកបង្ហើរសំនៀងលើកទី១ ក្រោយប្រឡប់មកពីអាមេរិក

 

(ភ្នំពេញ)៖ មិនធ្វើឲ្យហ្វេនៗរងចាំយូរទេ នៅពេលនេះតារាចម្រៀង សំឡេងស្រទន់មានទឹកដម អ្នកនាង សុគន្ធ នីសា ត្រូវគេមើលឃើញថា បានឡើងឆាកតន្ត្រីបង្ហើរសំនៀងជាលើកដំបូង បន្ទាប់ពីបានជះសះស្បើយពីជំងឺកូវីដ-១៩ និងបន្ទាប់ពីស្រឡាប់មកពីទឹកដីសហរដ្ឋអាមេរិក។

ទស្សនិកជននៅចាំបានថា ចាប់តាំងពីបានព្យាបាលជាសះស្បើយ១០០ភាគរយ ពីជំងឺកូវីដ-១៩ មក សុគន្ធ នីសា បានប្រញាប់ប្រញាល់ធ្វើដំណើរទៅក្រៅប្រទេសច្រើនថ្ងៃ ខណៈថ្មីៗនេះបានវិលត្រលប់មកកម្ពុជាវិញ ហើយបានធ្វើចត្តាឡីស័ក១៤ថ្ងៃរួចរាល់នោះ គឺមានរយៈពេលច្រើនខែគួរសមដែលតារាចម្រៀងទ្រនំហង្សមាសអ្នកនាង សុគន្ធ និសា បានឃ្លាតឆ្ងាយពីអាជីពជាអ្នកចម្រៀងរបស់ខ្លួន ពោលគឺមិនដែលបង្ហាញមុខនៅតាមកម្មវិធីនានានោះឡើយ។

យ៉ាងណាក្ដី ស្រាប់តែកាលពីម្សិលមិញនេះ ពោលនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ អ្នកនាង សុគន្ធ និសា បានប្រកាសវិលត្រលប់មកបកស្រាយចម្រៀងបំពេរអារម្មណ៍ទស្សនិកជនជាថ្មីទាំងក្ដីរីករាយ តាមរយៈការឡើងឆាកប្រគុំតន្រ្តីជាលើកដំបូងនៅស្ថានីយទូរទស្សន៍ហង្សមាសផងដែរ។ ដោយឡែកមុននេះ ម្ចាស់បទ«មាតាដៃមួយរយ»រូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកស្ថិតក្នុងឈុតពណ៌ស តុបតែងមុខយ៉ាងស្រស់ស្អាត ដោយភ្ជាប់ជាមួយសំណេរខ្លីថា«ម្សិលម៉ិញនេះ ឆាកទីមួយ អរគុណប្អូន Reach Yako Real ផាត់មុខធ្វើសក់អោយបង»។តាមរយៈសំណេរខ្លីនេះ បញ្ជាក់ឱ្យដឹងថា មួយឈុតដ៏ស្រស់ស្អាតនេះ សុគន្ធ និសា រៀបចំយ៉ាងយកចិត្តទុកដាក់ និងផ្ចិតផ្ចង់ ដើម្បីបង្ហាញទៅកាន់ទស្សនិកជនក្នុងឱកាសឡើងឆាកដំបូងផងដែរ៕

មតិយោបល់