ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហ៊ីណូលាយបេតុងមួយគ្រឿង បានបត់ចំណុចផ្លូវកែង បណ្តាលឲ្យបុកគូទរថយន្តកូរូឡា រុញទៅផ្ទប់និងបង្គោលស៊ីម៉ងត៍ដែក រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ កែងនិងច្រកសាលាសុវណ្ណាភូមិ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉ូឡា ពណ៌ឈាមជ្រូកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2G-2886 បើកបរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ បានបត់ស្តាំចូលតាមច្រកផ្លូវបេតុងកែងខ្លោងទ្វារ សាលាសុវណ្ណភូមិ ស្របពេលនោះ មានរថយន្តប្រភេទលាយបេតុង ម៉ាកHINO មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-2476 បើកស្របទិស ក្នុងទិសដៅបត់ស្តាំដូចគ្នា បណ្តាលឲ្យជ្រុលបុកគូទរថយន្តកូរូឡា រុញទៅផ្ទប់និងបង្គោលស៊ីម៉ងត៍ដែក រងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុ បាញ់ថ្នាំយកដាក់អែបគៀននិង ឲ្យភាគីទាំងសងខាងព្រមសម្របសម្រួលគ្នា ដោយខាងរថយន្តហ៊ីណូ ព្រមយករថយន្តកូរូឡាទៅជួសជុលឲ្យ ៕
មតិយោបល់