(ភ្នំពេញ)៖ អាចចាត់ទុកថាជារឿងមួយគួរជាទីមោទន សម្រាប់វិស័យចម្រៀងកម្ពុជា ដែលត្រូវបានប្រទេសជិតខាងចាប់អារម្មណ៍ ខណៈថ្មីនេះបុគ្គលល្បីដែលកំពុងឆក់បានបេះដូងអ្នកគាំទ្រជនជាតិថៃ រហូតធ្វើឲ្យមានសារព័ត៌មានថៃចាប់អារម្មណ៍យកទៅចុះផ្សាយនោះ គឺព្រះនាងតូច នរោត្តម ជេនណា តាមរយៈការបកស្រាយចម្រៀង Cover ជាភាសាថៃបន្តបន្ទាប់។
អ្វីដែលពិសេស បទចម្រៀង Cover ថ្មី «Koo Gud» ដែលព្រះនាងម្ចាស់ជ្រើសរើសយកមកបកស្រាយឡើងវិញនោះ គឺបានច្នៃច្រៀងជាពីរភាសាបានយ៉ាងពីរោះរណ្តំចិត្ត គួរជាទីចាប់អារម្មណ៍ រហូតត្រូវបានជនជាតិថៃជាច្រើនរូប បានធ្វើ Reaction កោតសរសើរពីសមត្ថភាពរបស់ព្រះនាងម្ចាស់ ដែលអាចបកស្រាយបទចម្រៀងទាំងភាសាថៃ និងភាសាចិន បានយ៉ាងល្អ។ ជាពិសេស គឺកាយវិការ ដ៏រស់រវើក គួរឲ្យស្រឡាញ់របស់ទ្រង់ ដែលបានឆក់យកបេះដូងជនជាតិថៃជាច្រើន ឲ្យក្លាយជាអ្នកគាំទ្រព្រះនាងតូច។
សារព័ត៌មាន Sanook របស់ថៃ បានចុះផ្សាយថា ព្រះនាងម្ចាស់តូចទ្រង់ប្រសូតនៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ នៅទីក្រុងប៉ារីស ជាព្រះបុត្រីរបស់ព្រះអង្គម្ចាស់បុប្ផារី មានព្រះបិតា ជាជនជាតិបារាំង ព្រះអង្គជាព្រះនត្តា សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និង ជាព្រះរាជនត្តាទួត របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទ្រង់មានឋានៈជា «ព្រះអង្គម្ចាស់» ដោយជនជាតិខ្មែរស្គាល់និងហៅទ្រង់ «ព្រះនាងម្ចាស់តូច »។ ព្រះនាងម្ចាស់ តូច ជេនណា និង គ្រួសារ បានត្រឡប់មករស់នៅប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ នៅពេលទ្រង់មានព្រះជន្ម៣ព្រះវស្សា ។
ទ្រង់ ជេនណា មានព្រះសមត្ថភាពត្រាស់បាន៥ ភាសាគឺ ភាសាខ្មែរ (ភាសាកំណើត), ភាសាអង់គ្លេស, ភាសាបារាំង, ភាសាចិន និង ភាសាថៃ ។ ទ្រង់បាន ចូលប្រឡូកក្នុងរង្វង់សិល្បៈ កាលពីឆ្នាំ២០១៨ តាមរយៈការសម្ដែងមុននឹងបង្ហាញជំនាញផ្នែកចម្រៀងនិងដើរម៉ូដ ។
ថ្មីៗនេះ ព្រះនាងម្ចាស់បានបញ្ចេញបទចម្រៀង Cover «Koo Gud» ទទួលបានការគាំទ្រយ៉ាងខ្លាំង ទាំងអ្នកគាំទ្រជនជាតិកម្ពុជា និង អ្នកគាំទ្រជនជាតិថៃ។ ពិសេស ព្រះនាងបានបន្តចេញបទចម្រៀងថៃ មួយបទទៀត ដែលជាបទល្បីល្បាញរបស់ថៃ គឺ បទ «ช้ำคือเรา» របស់តារាចម្រៀងជើងចាស់ Nittaya Bunsungnoen៕
ប្រភព៖ សារព័ត៌មានថៃ Sanook
មតិយោបល់