ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Rice Seeder) ដែលជាស្នាដៃកូនខ្មែរ ងាយប្រើតម្លៃសមរម្យ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា តាមប្រពៃណីជាយូលង់ ការដាំដុះដំណាំស្រូវរបស់កសិករកម្ពុជាគឺចាប់ផ្តើមពីការត្រាំគ្រាប់ពូជស្រូវ យកទៅសាប បន្ទាប់មកដកសំណាបយកទៅស្ទូង ដោយឡែកនៅតំបន់វាលទំនាបធំល្វឹងល្វើយកសិករភាគច្រើនព្រោះគ្រាប់ពូជស្រូវយកជាការស្រេច ដែលវិធីទាំងពីរនេះចាំបាច់ត្រូវប្រើកំលាំងមនុស្ស ហើយការប្រើពលកម្មមនុស្ស ធ្វើឲ្យខ្សែច្រវាក់ផលិតកម្មដំណាំស្រូវខាតបង់ពេលវេលា ពលកម្មមនុស្ស និងគ្មានប្រសិទ្ធភាពសេដ្ឋកិច្ច។
ដោយសារមានសន្តិភាព ស្ថិរភាពសង្គមធ្វើឲ្យប្រទេសកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ព្រមជាមួយការរីកចម្រើនផ្នែកបច្ចេកវិទ្យាគ្រឿងយន្តកសិកម្មទំនើបៗទាន់ សម័យបានចូលមកបំពេញតួនាទីជំនួសឲ្យពលកម្មមនុស្ស ធ្វើឲ្យកំលាំងពលកម្មមនុស្សក្នុងវិស័យកសិកម្មបានធ្លាក់ចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្វេងយល់ពីបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់ចក្ខុវិស័យក្នុងការកែទម្រង់ស៊ីជម្រៅដើម្បីប្រែក្លាយកសិកម្មកម្ពុជាឱ្យមានលក្ខណៈទំនើប ប្រកួតប្រជែង បរិយាប័ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព និងបង្កើនប្រាក់ចំណូល តាមរយៈការបង្កើនពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្ម និងយន្តូបនីយកម្ម។ ដើម្បីជំរុញការប្រើប្រាស់គ្រឿងយន្តកសិកម្ម ក្រសួងបានគាំទ្រ ជំរុញ លើក ទឹកចិត្ត និងសហការជាមួយដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល សមាគម និងក្រុមហ៊ុនផលិត និងចែកចាយគ្រឿងយន្តកសិកម្មដែលមានក្នុងស្រុកឲ្យបង្កើត ឬច្នៃប្រឌិតគ្រឿងយន្ត និងឧបករណ៍ផ្សេងៗដែលមានលក្ខណសាមញ្ញា ងាយប្រើ តម្លៃសមរម្យ ដើម្បីកាត់បន្ថយថ្លៃដើមដែលចំណាយលើការទិញគ្រឿងយន្ត ឬឧបករណ៍ទាំងអស់នោះពីក្រៅប្រទេស។
ដោយទទួលបានការគាំទ្រពីក្រសួង សមាគមកសិកម្មឈ្លាសវៃ (Agri Smart Association) ដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៥ តាមរយៈការគាំទ្រថវិកាដោយ Brooklyn Bridge to Cambodia (BB2C) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា−អូស្ត្រាលី ហៅកាត់ថា CAVAC បានច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Rice Seeder) ដែលជាកម្មសិទ្ធិបញ្ញារបស់កូនខ្មែរ ប្រើសម្រាប់ព្រោះស្រូវជាជួរ ជំនួសកំលាំងពលកម្មមនុស្ស បង្កើនល្បឿនដាំដុះ កាត់បន្ថយបរិមាណគ្រាប់ពូជ ធ្វើឱ្យដំណាំស្រូវដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ ជា មធ្យមប្រើរយ:ពេល ១ហត/ម៉ោង ត្រូវការពលកម្មមនុស្ស ១-២នាក់ ពិសេសជាងនេះ គេអាចប្រើឧបករណ៍នេះភ្ជាប់ជាមួយគោយន្ត ឬត្រាក់ទ័រ ទៅតាមទំហំដី។ បច្ចុប្បន្ន ដោយទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីកសិករ និងដៃគូអភិវឌ្ឍន៍ជាច្រើន សមាគមកសិកម្មឈ្លាសវៃ បាននិងកំពុងកែលម្អឧបករណ៍នេះជាបន្តបន្ទាប់ឱ្យកាន់តែងាយស្រួលប្រើ មានប្រសិទ្ធភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងតម្លៃទាបជាងមុន។
ឃើញពីគុណប្រយោជន៍របស់ឧបករណ៍នេះ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការប្រមូលផលដំណាំស្រូវនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាប់អារម្មណ៍ចំពោះឧបករណ៍នេះ និងកោតសរសើរដល់សមាគមកសិកម្មឈ្លាសវៃដែលបានគិតគូ និងផ្តួចផ្តើមគំនិតកែច្នៃឧបករណ៍កសិកម្មនេះឡើងដើម្បីជួយសម្រាលកម្លាំងរបស់ប្រជាកសិករ និងជួយជំរុញផលិតកម្មដំណាំស្រូវនៅកម្ពុជា ហើយសម្តេចតេជោបានផ្តល់ឧបករណ៍នេះជូនប្រជាកសិករ និងសហគមន៍កសិកម្មក្នុងខេត្តតាកែវចំនួន ១៣០គ្រឿង ខេត្តពោធិ៍សាត់ចំនួន ៥០គ្រឿង ខេត្តបាត់ ដំបងចំនួន ៥០គ្រឿង និងបន្ទាយមានជ័យចំនួន ៥០គ្រឿង ដើម្បីជំរុញល្បឿនស្តារដំណាំស្រូវឡើងវិញបន្ទាប់ពីជំនន់ទឹកភ្លៀង។ តាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថានៅក្នុងឆ្នាំ២០២១នេះ កសិករដែលទទួលបានឧបករណ៍ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ បានប្រើប្រាស់សម្រាប់ទាំងផលិតកម្មដំណាំស្រូវ និងផលិតកម្មគ្រាប់ពូជស្រូវ។ បច្ចុប្បន្ន អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពុងសហការជាមួយសមាគមកសិកម្មឈ្លាសវៃ ក្នុងការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ឧបករណ៍នេះឲ្យបានកាន់តែទូលំទូលាយថែមទៀត។

មតិយោបល់