(បរទេស)៖ ចម្លាក់ខ្សាច់ខ្ពស់បំផុតលើពិភពលោក ទើបតែត្រូវបានសាងសង់រួចរាល់ នៅប្រទេសដាណឺម៉ាក ជាមួយក្បូរក្បាច់នៃចម្លាក់មានប្រធានបទ ផ្សារភ្ជាប់នឹងជំងឺកូវីដ១៩។
ចម្លាក់ខ្សាច់នេះ មានកម្ពស់ ២១,១៦ម៉ែត្រ ស្ថិតនៅប្រទេសដាណឺម៉ាក ដែលទើបបង្ហាញខ្លួនកាលពីសប្ដាហ៍មុន បានបំបែកកំណត់ត្រាជាចម្លាក់ខ្សាច់ខ្ពស់បំផុត ដោយមានកម្ពស់ខ្ពស់ជាងចម្លាក់ក្នុងកំណត់ត្រាចាស់ចំនួន ៣ម៉ែត្រកន្លះ។ ប្រាសាទខ្សាច់ដែលបានសាងសង់នៅភូមិ Blokhus (ប្លក់ឃើស) ភាគពាយព្យនៃប្រទេសដាណឺម៉ាកបានបំបែកកំណត់ត្រាពិភពលោកហ្គីនណេសកាលពីថ្ងៃទី២កក្កដាខណៈកន្លងមកកំណត់ត្រានេះត្រូវបានកាន់កាប់ដោយចម្លាក់ខ្សាច់ធ្វើនៅប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ២០១៩ ដែលមានកម្ពស់ ១៧,៦៦ ម៉ែត្រ។
អ្នករចនាចម្លាក់ជនជាតិហូឡង់លោក Wilfred Stijger (វីលហ្រ្វេត ស្ទីហ្គឺ) បាននិយាយថា ការរាតត្បាតនៃជំងឺកូវីដ១៩ គឺជាកត្តាជំរុញចិត្តលោកឲ្យកសាងប្រាសាទនេះឡើង។ នៅផ្នែកខាងលើនៃប្រាសាទ លោកបានដាក់រូបមេរោគកូរ៉ូណាធ្វើដូចជាមកុដ ដើម្បីបង្ហាញថាវីរុសនេះកំពុងក្ដោបក្ដាប់ពិភពលោក ហើយមិនអនុញ្ញាតឱ្យមនុស្សយើងធ្វើអ្វីដែលយើងចង់ធ្វើដូចមុនទៀតឡើយ។ដូចចម្លាក់ខ្សាច់ធំៗដទៃទៀតដែរ ប្រាសាទនេះត្រូវបានសង់ជារាងត្រីកោណដើម្បីកុំឲ្យឆាប់រលំ និងមានសង់គ្រោងឈើនៅជុំវិញដើម្បីឱ្យវិចិត្រករប្រហែល ៣០ នាក់អាចឆ្លាក់រូបនៅលើប្រាសាទនេះបាន។
ការសង់ប្រាសាទបានប្រើប្រាស់ដីខ្សាច់សរុប ៤,៨ តោននិងមានលាយដីឥដ្ឋ ១០ភាគរយដើម្បីឲ្យសំណង់អាចឈរនៅបានយូររហូតដល់រដូវរងា ៕
ប្រភព៖ The Guardian
មតិយោបល់