ព័ត៌មានសិល្បៈ និងកម្សាន្ត

រូបឆ្មា 3D លើជញ្ជាំងអគារ ក្នុងទីក្រុងតូក្យូ កំពុងទាក់បេះដូង អ្នកដំណើរឲ្យទាញទូរស័ព្ទមកថតគ្រប់ៗគ្នា

 

(បរទែស)៖ រូបឆ្មា 3D លើផ្ទាំងប៉ាណូដ៏ធំក្នុងតំបន់មមាញឹកបំផុតមួយនៃ ទីក្រុងតូក្យូបាននិងកំពុងទាក់ទាញអ្នកដំណើរឆ្លងកាត់ឲ្យលើកទូរស័ព្ទថតគ្រប់គ្នាព្រោះមើលទៅ។ រូបសត្វឆ្មាសម្បុរបីដែលមើលទៅច្បាស់ក្នុងកម្រិត 4K បានលេចឡើងនៅចន្លោះការផ្សាយពាណិជ្ជកម្មនៅលើអេក្រង់ LED ទំហំ ១៥៤,៧ ម៉ែត្រការ៉េនៅលើកំពូលអគារមួយនៅមុខស្ថានីយ៍រថភ្លើង Shinjuku (ស៊ីនជុគុ) ទីក្រុងតូក្យូ ដែលធ្វើឱ្យអ្នកដំណើរឆ្លងកាត់ចាប់អារម្មណ៍គ្រប់ៗគ្នា។

ផ្ទាំងប៉ាណូនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនក្នុងស្រុកមួយដែលចង់បង្កើតរូបភាពលាភសំណាងមួយនៅស៊ីនជុគុ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ស្របពេលទីក្រុងតូក្យូនៅតែតស៊ូជាមួយនឹងវីរុសកូវីដ១៩។

ជាក់ស្ដែង កាលពីថ្ងៃទី៧ ខែកក្កដា ទីក្រុងនេះបានប្រកាសរកឃើញករណីឆ្លងថ្មីចំនួន ៩២០ករណីដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១៣ ខែឧសភាមក។ដោយសារតែទីក្រុងតូក្យូកំពុងស្ថិតក្រោមស្ថានភាពគ្រាអាសន្ននៅឡើយ រូបឆ្មានេះអាចបញ្ចាំងឲ្យសាធារណជនបានឃើញតែនៅចន្លោះម៉ោង ៧ដល់ម៉ោង៨ព្រឹកប៉ុណ្ណោះ បើយោងតាមមន្រ្តីម្នាក់នៅក្រុមហ៊ុន Yunika ដែលជាអ្នកគ្រប់គ្រងផ្ទាំងប៉ាណូនេះ ៕

 

 

មតិយោបល់