ព័ត៌មានជាតិ

អាការឈឺខ្នង ៥យ៉ាង ប្រាប់ពីជំងឺគ្រោះថ្នាក់

 

កំលោះ ក្រមុំជាច្រើននាក់មានអាការឈឺខ្នង អ្នកខ្លះគិតថាអាចកើតចេញពីមូលហេតុដែលអង្គុយយូរជ្រុលពេក ឬទៅធ្វើអ្វីមួយខុសឥរិយាបទ តែមិនបានដឹងថាអាការឈឺខ្នងមិនមែនមានន័យត្រឹមតែអាការខុសប្រក្រតីរបស់ឆ្អឹងប៉ុណ្ណោះទេ។អាការឈឺខ្នង ជាទូទៅអាចជាអការឈឺខ្នងដែលបណ្តាលមកពីការអង្គុយច្រើនពេក លើករបស់របរធ្ងន់ពេក ឬហាត់ប្រាណខ្លាំងជ្រុលពេក ដោយអាការដែលអាចដឹងបាននោះគឺ ឈឺចុករួយ សាច់ដុំឡើងតឹង – ល – តែជួនកាលអាការឈឺដែលយើងគិតថាឈឺខ្នងនោះ អាចមិនមែនបណ្តាលមកពីសាច់ដុំ ឬឆ្អឹងជានិច្ចនោះទេ។ មានលក្ខណៈរបស់អាការឈឺខ្នងខ្លះជាសញ្ញាប្រកាសអាសន្នពីជំងឺដែលកើតនៅលើអវយវៈខាងក្នុង និងចាំបាច់ត្រូវតែប្រញាប់ទៅទទួលការព្យាបាលជាបន្ទាន់ភ្លាម។

១ . អាការឈឺខ្នងរួមជាមួយអាការដៃជើងស្ពឹកគ្មានកម្លាំង

ទប់ទឹកមូត្រ និងទប់លាមកមិនបាន ដែលលក្ខណៈរបស់អាការទាំងនោះអាចបណ្តាលមកពីខួរឆ្អឹងខ្នងទទួលរងរបួស វិធីដែលល្អបំផុតនោះ គួរប្រញាប់ទៅប្រឹក្សាជាមួយលោកគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការថតអេកស៍រេយ៍(X-RAY)ពិនិត្យមើលឆ្អឹងកងខ្នងនិងរកមើលចំណុចដែលរងរបួស។ អ្នកខ្លះ ត្រឹមតែគេងសម្រាកព្យាបាលខ្លួនក៏អាចជាសះស្បើយពីអាការនេះដែរ តែសម្រាប់អ្នកខ្លះទៀតអាចចាំបាច់ត្រូវតែចូលទទួលការវះកាត់។

២ . ឈឺខ្នងម្តុំចង្កេះ និងមានគ្រុនក្តៅរងា

មូលហេតុរបស់អាការនេះអាចបណ្តាលមកពីការឆ្លងមេរោគរលាករបស់ក្រលៀន ឬអាចជាជំងឺរលាកតម្រងនោម ដោយមូលហេតុទាំងនេះកើតឡើងបានដោយសារតែការទទួលទានទឹកក្នុងមួយថ្ងៃៗតិចពេក និងការទប់នោម។
ការព្យាបាល គ្រូពេទ្យនឹងប្រើថ្នាំសម្លាប់មេរោគ និងថ្នាំផ្សេងៗទៀតអាស្រ័យលើការវិនិច្ឆ័យរោគ រួមទាំងណែនាំឱ្យទទួលទានទឹកឱ្យបានច្រើន ផ្លាស់ប្តូរទង្វើទប់នោម ហើយនៅពេលព្យបាលក្រលៀនជាប្រក្រតីឡើងវិញហើយនោះ អាការឈឺខ្នងក៏បាត់ទៅវិញដែរ។

៣ . ឈឺខាងលើចង្កេះទាំងសងខាង

បើសឹនជាមានអាការឈឺនៅខាងលើចង្កេះទាំងសងខាង និងនៅពេលទៅជួបគ្រូពេទ្យហើយ ពេទ្យអាចស្ទាបប៉ះដុំសាច់នៅលើកន្លែងម្តុំៗក្រលៀន រួមទាំងមានឈាមលាយឡំនៅក្នុងទឹកមូត្រ មានសម្ពាធឈាមឡើងខ្ពស់ និងមានសភាវលោហិតស្លេករួមជាមួយផងនោះ ក្នុងករណីនេះ គឺជាសញ្ញាបញ្ជាក់ពីរោគកើតថង់ទឹកនៅក្នុងក្រលៀន ជាជំងឺដែលអាចចម្លងតំណពូជបាន។នៅពេលមានថង់ទឹកនៅក្នុងក្រលៀន នឹងធ្វើឱ្យក្រលៀនធ្វើការបានតិច នៅពេលក្រលៀនធ្វើការថយចុះ ហុចផលអាក្រក់ដល់រាងកាយ កើតជម្ងឺឡើងឈាម ក្រលៀនអាចនឹងងាយឆ្លងមេរោគ និងលែងធ្វើការរ៉ាំរ៉ៃ រហូតដល់ឈប់ធ្វើការតែម្តង និងក្រៅពីបញ្ហានៅលើក្រលៀនហើយ នៅអាចធ្វើឱ្យកើតថង់ទឹកនៅក្នុងអវយវៈផ្សេងទៀតបាន ដូចជា ថ្លើម ដៃស្បូន ពងស្វាស និងកើតសរសៃឈាមរីកប៉ោងទៀតផង។

៤ . អាការឈឺខ្នងដែលកើតនៅលើស្រ្តីមានគភ៌

អាចជាផលប៉ះពាល់មកពីបច្ច័យច្រើនយ៉ាង ដូចជា អ័រម៉ូនក្នុងរាងកាយកើតការប្រែប្រួលធ្វើឱ្យសរសៃពួរ និងសាច់ដុំដែលយឹតតោងឆ្អឹងយារធូរ ការទ្រទម្ងន់ដែលចេះតែកើនឡើងរបស់ទារក ឬស្បូនដែលរីកធំឡើង សង្កត់ពីលើសរសៃប្រសាទធ្វើឱ្យឈឺខ្នងរហូតរាលចុះទៅរកជើងបាន។

៥ . ឈឺខ្នងរ៉ាំរ៉ៃយូររាប់ខែ និងកាន់តែឈឺខ្លាំងឡើងជារឿយៗ

បើសឹនកើតនៅលើមនុស្សធាត់ ឬមនុស្សដែលមានអាយុច្រើនជាង 45 ឆ្នាំនោះ អាចកើតឡើងដោយសាររោគរលាកខួរសន្លាក់ ឬឆ្អឹងកងខ្នងសឹករឹល។ ការព្យាបាលក្នុងករណីនេះ គ្រូពេទ្យនឹងឱ្យថ្នាំបំបាត់ការឈឺចាប់មកញ៉ាំ និងធ្វើការព្យាបាលដោយការ ធ្វើចលនា ណែនាំឱ្យទទួលទានអាហារដែលមានកាល់ស្យូមខ្ពស់ បើកើតនៅលើមនុស្សដែលធាត់ខ្លាំងត្រូវឱ្យបញ្ចុះទម្ងន់។បើអ្នកណាដែលកំពុងមានអាការឈឺខ្នង ចូរប្រញាប់ពិនិត្យមើលខ្លួនឯងជាបន្ទាន់ ឬបើមិនប្រាកដក្នុងចិត្ត ចូរទៅជួបលោកគ្រូពេទ្យ ដើម្បីវិនិច្ឆ័យរោគ ព្រោះជួនកាលបើបណ្តោយឱ្យឈឺរ៉ាំរ៉ៃយូរ អាចនឹងហុចផលអាក្រក់ដល់រាងកាយឱ្យទ្រុឌទ្រោមចុះក៏អាចថាបានដែរ៕

 

 

មតិយោបល់