ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត! YG បញ្ជាក់ Lisa ក្រុម BLACKPINK នឹងចេញអាល់ប៊ុមទោលដំបូងនៅរដូវក្ដៅនេះ

 

(កូរ៉េ)៖ អ្នកគាំទ្រទទួលបានដំណឹងកាន់តែច្បាស់ការណ៍ហើយ អំពីការប្រឡូកខ្លួនជាតារាចម្រៀងទោលរបស់ Lisa សមាជិកក្រុម BLACKPINK ក្រោយការបញ្ជាក់ពីផលិតកម្ម YG Entertainment។

 

កាលពីថ្ងៃទី១២ ខែកក្កដា សារព័ត៌មានកូរ៉េខាងត្បូង K Star Livek បានរាយការណួថា នៅសប្ដាហ៍នេះ Lisa នឹងធ្វើការថតវីដេអូចម្រៀងសម្រាប់បទចម្រៀងទោលរបស់នាង ក៏ដូចជាកំពុងត្រៀមបង្ហាញមុខជាតារាចម្រៀងទោលលើកដំបូងនៅរដូវក្ដៅនេះផងដែរ។

 

ក្រោយពីដំណឹងនេះបានចេញផ្សាយប៉ុន្មានម៉ោង ផលិតកម្មកូរ៉េ YG Entertainment ក៏បានធ្វើការបញ្ជាក់ថា Lisa ព័ត៌មាននេះពិតប្រាកដមែន ហើយខាងផលិតកម្មបានបន្ថែមថា Lisa នឹងបញ្ចេញ Solo Album នៅរដូវក្ដៅនេះផងដែរ។កាលពីឆ្នាំមុនផលិតកម្ម YG Entertainment ធ្លាប់បានបញ្ជាក់ថាសមាជិកក្រុមចម្រៀង BLACKPINK នឹងចេញបទចម្រៀងទោលរៀងៗខ្លួន ដោយចាប់ផ្ដើមមុនគេពី Rosé (រ៉ូហ្សេ) បន្ទាប់មកគឺ Lisa និង Jisooជាសមាជិកចុងក្រោយគេ។

 

បទចម្រៀងទោលរបស់អ្នកទាំងបីនឹងត្រូវចេញផ្សាយជាបន្តបន្ទាប់ ក្រោយការចេញផ្សាយអាល់ប៊ុមពេញដំបូងរបស់ក្រុម BLACKPINK កាលពីខែតុលាឆ្នាំ ២០២០។ទន្ទឹមនឹងការចេញបទចម្រៀងទោលរបស់ Lisa, ក្រុមចម្រៀង BLACKPINK ក៏ត្រៀមនឹងចេញភាពយន្តមួយនៅខែសីហាដែលជាផ្នែកមួយនៃគម្រោងអបអរខួបទី៥ឆ្នាំរបស់ក្រុម៕

មតិយោបល់