ប្រិយមិត្តអ្នកអាន ប្រាកដជាស្គាល់សត្វបង្កងច្បាស់ណាស់ ដោយជាទូទៅមានពណ៌ធម្មតាមិនខ្មៅចំពេក មិនសពេកនោះទេ។ ប៉ុន្តែអ្វីដែលអ្នកលេងបណ្តាញ Internet ចាប់អារម្មណ៍ខ្លាំង គឺថ្មីៗនេះមានអ្នកនេសាទម្នាក់ ចាប់បានបង្កងដ៏កម្រមួយក្បាល ដែលមានពណ៌ខៀវខុសប្លែកពីបង្កងដទៃ ពោលគឺប្រហែលជាមួយតែ១គត់ ក្នុងចំណោម១លានក្បាល។
កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅថ្មីៗនេះ អ្នកនេសាទម្នាក់ ចាប់បានបង្កងដ៏កម្រមួយក្បាល ដែលមានពណ៌ខៀវខុសប្លែកពីបង្កងដទៃ ក្បែរច្រាំងសមុទ្រ ក្នុងទីក្រុង Cape Ann។ តាមសម្ដីរបស់លោក Joey ជាអ្នកចាប់បានបង្កងខាងលើ បាននិយាយក្នុងបទសម្ភាស៍មួយឲ្យដឹងថា រូបគាត់ផ្ទាល់បានប្រទះឃើញបង្កងពណ៌ខៀវរៀងរាល់ពី២ ទៅ៣ឆ្នាំម្ដងប៉ុណ្ណោះ។ អ្នកនេសាទដទៃទៀត ធ្លាប់ប្រទះឃើញបង្កងប្លែកដែរ ដែលមានពណ៌រៀងស្លែរ និងពណ៌ខៀវនៅផ្នែកគែមៗនៃតួខ្លួន។
យ៉ាងណាមិញ ជាចុងក្រោយ គាត់ក៏សម្រេចចិត្តប្រលែងបង្កងនោះឲ្យចូលទៅក្នុងសមុទ្រវិញ ដោយសារគិតថា វាមានលក្ខណៈ ពិសេស និងមិនគួរចាប់វាយកទៅធ្វើអ្វីផ្សេងៗទេ។ ហើយចំពោះបង្កងពណ៌ខៀវនេះដែរ អ្នកជំនាញបានប៉ាន់ស្មានថា វាមានមួយក្បាលប៉ុណ្ណោះ ក្នុងចំណោមពីរលានក្បាលនៅលើពិភពលោក៕
ប្រភព៖ Daily Mail
មតិយោបល់