ព័ត៌មានជាតិ

ខេត្តសៀមរាបចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារ

លោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងជាប្រធានមណ្ឌលផ្តល់វ៉ាក់សាំង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានមានប្រសាសន៍ថា អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តនោះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ យើងបានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារ នៅក្នុងខេត្តសៀមរាបហើយ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
លោកឱសថការី លឹម ហេង មានប្រសាសន៍បន្ថែមថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសនាពេលនេះ គឺផ្តល់ជូនដល់តែចំពោះជនបរទេសណា ដែលបានធ្វើសំណើមកកាន់រដ្ឋបាលខេត្តសៀមរាបនាពេលកន្លងមក ដែលមានចំនួនប្រមាណជាង២ពាន់នាក់ ពិសេសគឺធ្វើឡើងតាមគោលការណ៍មិនគិតថ្លៃ និង ស្របតាមគោលការណ៍ស្ម័គ្រចិត្ត ដោយត្រូវចាក់ជូនឲ្យបានគ្រប់ៗគ្នា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ។
គួររំលឹកថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តនេះ បានបញ្ជាក់ថា ចំពោះជនបរទេសទាំងអស់ ដែល មានបំណងចង់ទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សូមភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធដែលមានដូចជា ៖ លិខិតឆ្លងដែន, ទិដ្ឋាការ នៃការស្នាក់នៅក្នុងប្រទេសកម្ពុជា នៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ ) ហើយចំពោះជនបរទេស ទាំងឡាយណាដែលមានទិដ្ឋាការ នៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណង ចង់ចាក់វ៉ាក់សាំង គឺត្រូវទៅសុំពន្យាទិដ្ឋាការ នៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធី ដែលមានជាធរមាន និងលិខិតបញ្ជាក់សុខភាព ឬ វេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំនានា ដែលកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃ ប្រសិនបើមាន។
សូមបញ្ជាក់ជូនថា តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប កន្លងមកមានជនបរទេស ដែលមកចុះឈ្មោះសុំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 សរុបចំនួន ២,១២ននាក់ ៕

មតិយោបល់