ព័ត៌មានសិល្បៈ និងកម្សាន្ត

សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីសង្ស័យប៉ុនប៉ងប្រព្រឹត្តបទល្មើសសេពសន្ថវៈលើអនីតិជន

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបំភ្លឺជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជ្រាបថា៖ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបានឃើញព័ត៌មានបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីសង្ស័យប៉ុនប៉ងប្រព្រឹត្តបទល្មើសសេពសន្ថវ:លើអនីតិជន នៅភូមិធ្នង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញបានចុះជួបសម្ភាសន៍ជាមួយម្តាយកុមារីរងគ្រោះឈ្មោះ វ៉េង ឫទ្ធី អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ(នៅភ្នំពេញ) និងកុមារីរងគ្រោះឈ្មោះ សឿន លីសា អាយុ ១១ឆ្នាំ រួមជាមួយមិត្តភក្តិកុមារីរងគ្រោះចំនួន០២នាក់ផ្សេងទៀតដែលបានឃើញហេតុការណ៍នោះ។
ផ្អែកតាមការបំភ្លឺរបស់ភាគីជនរងគ្រោះ រួមទាំងសាក្សីដែលនៅកន្លែងកើតហេតុ កម្លាំងជំនាញបានធ្វើការសន្និដ្ឋានថាអាចជាករណីប៉ុនប៉ងប្រព្រឹត្តល្មើសសេពសន្ថវ:លើអនីតិជន ទើបស្នើសុំយោបល់ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ដើម្បីដំណើរការអនុវត្តជំនាញ។
បន្ទាបពីទទួលបានការយល់ព្រមពីព្រះរាជអាជ្ញា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ យ៉េង ហេង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិធ្នង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ យ៉េង ហេង បានសារភាពថា ខ្លួនពិតជាបានហៅឱ្យកុមារីឈ្មោះ សឿន លីសា មកយកនំត្នោត ព្រមទាំងបានប្រាប់ឱ្យចូលទៅក្នុងទ្រុងមាន់ បន្ទាប់មកខ្លួនបានចូលតាមក្រោយរួចទាញទ្វារបិទ និងមានបំណងចាប់រំលោភសេពសន្ថវ:ពិតប្រាកដមែន ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារតែក្មេងស្រីរងគ្រោះរើបម្រាស់ និងស្រែកយំរត់ចេញមកខាងក្រៅតែម្តង។
*ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមផ្លូវច្បាប់។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មាន សាធារណជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលតែងតែសហការផ្តល់ព័ត៌មាន ឬតម្រុយនៃការប្រព្រឹត្តបទល្មើសនានានៅក្នុងភូមិសាស្ត្រទឹកដីខេត្តព្រៃវែង ដើម្បីសមត្ថកិច្ចមានមូលដ្ឋានចាត់វិធានការអនុវត្តជំនាញ និងវិធានការច្បាប់បានទាន់ពេលវេលា។
ប្រភព៖​​​​​​​ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

មតិយោបល់