ភ្នំពេញៈ ឆ្លើយឆ្លងជាមួយភ្នាក់ងារ Postnews កាលពីយប់ថ្ងៃទី៣ ឧសភា តារាសម្ដែងថន លក្ខិណា បានថ្លែងប្រាប់ពីប្រទេសថៃមកថា អនាគតស្វាមីរបស់ថន តារាដែលជាបងស្រីរបស់ខ្លួនគឺជាមន្ត្រីបម្រើការនៅក្នុងសភាថៃ។
នាងបានបញ្ជាក់ថាទៀតថាលោកគឺជាតំណាងរាស្រ្ត ប៉ុន្តែគេមិនបានដឹងថាតើលោកគឺជាតំណាងរាស្រ្តរដ្ឋសភាថៃបច្ចុប្បន្ន ឬគ្រាន់តែជាមន្ត្រីជាន់ខ្ពស់នៅក្នុងសភាថៃនៅឡើយទេ។
ថន លក្ខិណា បានអះអាងថា បងស្រីខ្លួននឹងរៀបការជាមួយបុរសជាមន្ត្រីក្នុងជួររដ្ឋាភិបាលថៃរូបនេះ នៅប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែនាងថន តារាបានឆ្លើយប្រាប់អ្នកគាំទ្ររបស់ខ្លួនថានាងនឹងរៀបការនៅកោះពេជ្រនៅថ្ងៃទី២៦ ខែក្រោយ(២៦-៦-២០១៦)។
យ៉ាងណាក៏ដោយមានការកត់សម្គាល់ថា អនាគតស្វាមីរបស់ថន តារា គឺជាមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសថៃ ដោយក្រោយពីលោកធ្វើពិធីសូត្រមន្តលើករាសី និងបង្ហាញនាងថន តារា ឲ្យគេបានស្គាល់ថានាងគឺជាអនាគតភរិយា គេឃើញជនជាតិថៃ រួមមានទាំងមន្ត្រីតូចធំផង បន្តគ្នាចូលជូនកន្ត្រកផ្កាដល់គូស្នេហ៍ទាំងពីរ។
ថន តារា និងគ្រួសារបានបង្ហោះនូវអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងការផ្ដល់ឲ្យនូវកិត្តិយស និងភាពកក់ក្ដៅនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី៣ ឧសភា នោះ៕
មតិយោបល់