ព័ត៌មានជាតិ

លោកយាយវ័យ ៧៤ឆ្នាំ ដៃសើមកាន់ឌុយដោតព្រីភ្លើង បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា លោកយាយវ័យ ៧៤ឆ្នាំ ម្នាក់បានស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ ។ ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅភូមិដងរុនលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ស្រ្តីរងគ្រោះឈ្មោះ ឱក លឿន អាយុ ៧៤ឆ្នាំ នៅភូមិដងរុនលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ ជនរងគ្រោះដៃរបស់គាត់សើម ហើយកាន់ឌុយភ្លើងទៅដោតនឹងព្រី បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នឹងកន្លែង ។

នគរបាលបានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មាន នគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់