ព័ត៌មានសិល្បៈ និងកម្សាន្ត

គូស្នេហ៍ដែលគ្រប់គ្នាប្រាថ្នា! ប្តីប្រពន្ធជប៉ុនមួយគូ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គម ដោយសារការផ្អែមល្ហែមមិនចាញ់យុវវ័យ

 

(បរទេស)៖ មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានដៃគូជីវិតប្រកបដោយភាពចុះសម្រុងគ្នា ដើម្បីដឹកដៃរួមគ្នាជាមួយគ្នាប្រកបដោយសុភមង្គលរហូតដល់ចាស់ជរារៀងៗខ្លួន។ ជាក់ស្តែង មានប្តីប្រពន្ធជប៉ុនមួយគូ បាននឹងកំពុងទទួលការចាប់អារម្មណ៍មិនតិចនោះទេ ពីអ្នកលេងបណ្តាញសង្គម ដោយហៅលោកយាយលោកយាមួយគូនេះថា «ប្ដីប្រពន្ធ Goal»។ ហើយមូលហេតុដែលហៅបែបនេះ គឺដោយសារតែរាល់សកម្មភាព ដែលលោកយាយលោកយា បានធ្វើ គឺបង្ហាញយ៉ាងច្បាស់ទៅកាន់អ្នកលេងបណ្តាញសង្គម ពីក្តីសុខ សុភមង្គល ដែលអ្នកទាំងពីរទទួលបាន។

លោក Tsuyoshi និងភរិយា Tomi Seki ឬត្រូវបានគេហៅថា Bon និង Pon បានរៀបការជាមួយគ្នាអស់រយៈ ពេល៤១ឆ្នាំមកហើយ។ ហើយភាពល្បីល្បាញរបស់ពួកគាត់ គឺចាប់ផ្ដើមឡើងដំបូងកាលពីជាង៥ឆ្នាំមុន ដែលពេលនោះ ពួកគាត់បានបង្ហោះរូបភាពដែលបង្ហាញឲ្យឃើញពីការស្លៀកពាក់ស្រដៀងគ្នា នៅលើគណនីរបស់កូនស្រី។ ទន្ទឹមនឹងនោះ ក៏មានមហាជនជាច្រើន បានស្នើឲ្យពួកគាត់បង្កើតគណនីផ្ទាល់ខ្លួនផងដែរ។

គូស្វាមីភរិយាវ័យចំណាស់មួយគូ មកពីប្រទេសជប៉ុន ទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាម ដែលមានអ្នកតាមដានរហូតដល់ជាង៨៣០,០០០នាក់ ដោយសារតែការស្លៀកពាក់ស្រដៀងៗគ្នារបស់ពួកគាត់ទាំងពីរ។ តួយ៉ាង អ្នកស្រី Tomi បាននិយាយរៀបរាប់ឲ្យដឹងដែរថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានធ្វើនូវអ្វី ដែលមិនបានធ្វើកាលពីមុន។ ហើយជីវិតចូលនិវត្តន៍ ពិតជាមានក្ដីសុខណាស់ នៅពេលរកឃើញអ្វីមួយ ដែលធ្វើឲ្យពួកគាត់សប្បាយចិត្ត។

យ៉ាងណាមិញ គេគ្រប់គ្នា បានប្រាថ្នាចង់បានសេចក្ដីស្រលាញ់រវាងស្វាមីនិងភរិយាបែបនេះដែរ ដោយសារតែពួកគាត់មើលទៅ នៅតែមានភាពល្អូកល្អឺននឹងគ្នា បើទោះបីជាវ័យចំណាស់មែនក៏ដោយ៕

ប្រភព៖ Labbible

 

មតិយោបល់