ព័ត៌មានសិល្បៈ និងកម្សាន្ត

មនុស្ស​២​នាក់​របួសធ្ងន់ និង​​រថយន្ត​២​គ្រឿង​បានឆេះ​​ខូចខាត​​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍

មនុស្ស​២​នាក់​របួសធ្ងន់​ រីឯ​រថយន្ត​២​គ្រឿង​ឆេះ​និង​ខូចខាត​ស្ទើរ​ទាំងស្រុង​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នៅ​វេលា​ម៉ោង​២០​និង​៤០​នាទី​ ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ខាង​មុខ​ច្រកចូល​បុរី​សេរី​មង្គល​ ស្ថិត​នៅ​ភូមិ​ទួល​ក្រសាំង​ សង្កាត់​រកា​ខ្ពស់​ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ ។​

​មន្ត្រី​នគរបាល​ចរាចរ​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​រង​ការ​ខូចខាត​មាន​២​គ្រឿង​ ទី​១.​ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ NX200T​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BO-8772​ បើកបរ​ដោយ​ជន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​។​ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក​DAEWO​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2D-7735​ បើកបរ​ដោយ​ឈ្មោះ​ ឡេ​ង​ គឹ​ម​សយ​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ ព្រែក​ខ្មែរ​ ឃុំ​ស្អាង​ភ្នំ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ និង​អ្នក​រួម​ដំណើរ​ត្រូវជា​ប្រពន្ធ​ឈ្មោះ​ ប៉ឹ​ត​ សុ​ជាតិ​ ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ឃុំ​ខាងលើ​ (​រង​របួសធ្ងន់​ទាំង​០២)​។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​DAEWO​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-7735​ បើកបរ​ដោយ​ឈ្មោះ​ ឡេ​ង​ គឹ​ម​សយ​ និង​អ្នក​រួម​ដំណើរ​ត្រូវជា​ប្រពន្ធ​ឈ្មោះ​ប៉ឹ​ត​ សុ​ជាតិ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ រួច​បត់​ឆ្វេង​ត្រលប់​ក្រោយ​ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក​ឡិច​ស៊ី​ស​NX200T​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BO-8772​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ក៏​បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​200T​ បាន​រេ​ចង្កូត​ទៅ​ស្តាំ​រួច​ក៏​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ (​អ្នកបើកបរ​គេចខ្លួន​បាត់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​)​ រីឯ​រថយន្ត​ម៉ាក​DAEWO​ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ និង​អ្នកបើកបរ​២​នាក់​ប្តី​ប្រពន្ធ​រង​របួសធ្ងន់​ ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​ព្យាបាល​ នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​នៅ​ស្រុក​ស្អាង​។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ កម្លាំង​នគរបាល​ជំនាញ​ក្រុង​តា​ខ្មៅ​ បាន​ចុះ​មក​កន្លែង​កើតហេតុ​ ធ្វើការ​ពិនិត្យ​វាស់វែង​ រួច​កសាង​សំណុំរឿង​ដកហូត​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​ បណ្ដោះ​ អាសន្ន​ នៅ​អធិការដ្ឋាន​ ដើម្បី​ ចាត់ការ​ តាម​នីតិវិធី​។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​មាន​គ្រោះថ្នាក់​កើតឡើង​ គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​រថ​យ​ន្ថ​ម៉ាក​DAEWO​ ពណ៌​ខៀវ​បើក​បត់​ឆ្វេង​ត្រឡប់​ក្រោយ​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និង​អ្នកបើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​NX200T​ បើកបរ​ក្នុង​ល្បឿន​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់