ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ុបពី បោះសម្ដីឲ្យអ្នកដៀលត្មេះនាង ស្ដាប់ហើយឆ្អែត

ក្រោយការផ្សាយថាតារាកំប្លែង និងជាពិធីការិនីភេទទី៣ល្បីឈ្មោះនាងប៉ុបពី វះកាត់កែភេទអស់ជាង២ម៉ឺនដុល្លារទម្រាំបានស្អាតដូចបច្ចុប្បន្ន និងបានផ្សាយថានាងក៏មានបំណងចង់បានស្វាមីមួយនឹងមួយដូចគ្នានឹងនារីទាំងពួង ក៏មានអ្នកទើសតារាស្រីរូបនេះចេញមុខមកដៀលត្មិះនាងជាច្រើននៅលើបណ្ដាញហ្វេសប៊ុក។

យ៉ាងណាមិញ គេមិនឃើញនាងតបតដោយសម្ដីអសុរសដូចគ្នានឹងតារាមួយចំនួនដែលតែងតែប្រើបណ្ដាញហ្វេសប៊ុកធ្វើការតបត ដោយមិនខ្វល់ពីការបាត់តម្លៃនោះទេ គឺនាងបែរជាប្រើសម្ដីយ៉ាងត្រជាក់តែអ្នកមើលងាយនាងគឺស្ដាប់ហើយពិតជាឆ្អែតតែម្ដង។

តបនឹងការវាយប្រហារដោយសម្ដីមិនសមរម្យរបស់អ្នកលេងហ្វេសប៊ុកក្រោយឃើញព័ត៌មានក្នុងប៉ុន្មានថ្ងៃនេះ កញ្ញាប៉ុបពី គ្រាន់តែព្រីនស្គ្រីនពាក្យសម្ដីទាំងនោះយកមកបង្ហោះដើម្បីអោយអ្នកលេងហ្វេសប៊ុកធ្វើការពិចារណាប៉ុណ្ណោះ។ ប្រតិកម្មដោយត្រជាក់របស់នាងត្រូវបានអ្នកលេងហ្វេសប៊ុកភាគច្រើនកោតសរសើរ ក្នុងពេលដែលនាងគឺជាតារាមួយរូបដែលរមែងមានអ្នកបញ្ចេញយោបល់មើលងាយដោយសម្ដីធ្ងន់ធ្ងររាប់មិនអស់ តែគេមិនដែលឃើញនាងបង្ហោះជេរក្នុងន័យតបត បើធៀបនឹងតារាមួយចំនួនទៀត គឺអោយតែហ៊ានប៉ះគឺពិតជាបានទទួលសំណេរជេរតបតនោះ។

កញ្ញា ប៉ុបពី បានឆ្លើយតបថានាងមិនប្រើយុទ្ធសាស្រ្តជេរទៅជេរមកនៅពេលមានអ្នកណាម្នាក់បង្ហោះពាក្យសម្ដី ឬComment មាក់ងាយដល់នាងនោះទេ ដោយសារតែនាងយល់ថាខ្លួនជាមនុស្សរបស់មហាជន និងថាបើនាងបញ្ចេញសំណេរមិនសមរម្យតបត គឺមិនខុសពីធ្វើអោយគេកាន់តែមើលងាយតារាសិល្បៈបន្ថែមទៀត។ នាងថាចង់អ្នកណាថាអីក៏ថាទៅ យ៉ាងច្រើនគឺនាងយកអ្វីដែលគេមើលងាយយកមកបង្ហោះជាសាធារណៈ ដោយមិនខ្ចីបញ្ចេញយោបល់ណាមួយ ដើម្បីអោយមានការវិភាគពីពាក្យសម្ដីមិនសមរម្យចំពោះរូបនាងទាំងនោះប៉ុណ្ណោះ។

នាងថាខ្លួនឈឺចាប់ ហើយក៏ខឹងដាច់ក្បាលដាច់កន្ទុយមិនខុសគ្នា ប៉ុន្តែបើអោយនាងប្រើហ្វេសប៊ុកបង្ហោះសម្ដីតបត គឺមិនខុសពីធ្វើអោយតម្លៃរបស់នាងត្រូវគេមើលងាយនោះទេ ក្នុងពេលដែលមានមនុស្សច្រើនមកហើយរិះគន់ថា តារាសិល្បៈ គឺជាមនុស្សមហាជនតែក្នុងមួយរយៈចុងក្រោយឃើញតែបង្ហោះសម្ដីនឹងការរិះគន់ដោយសមរម្យរួចទៅហើយ។ នាងសុខចិត្តមិនតបតដោយភាពក្ដៅក្រហាយ ប៉ុន្តែនាងថាអ្នកដៀលនាងទាំងនោះរៀនធ្វើខ្លួនអោយល្អជាងនាងគ្រប់ស្ថានភាពអោយអស់សិនទៅ។

នាងនិយាយថា«បើអ្នកចេះដឹងគេមិនប្រើសម្ដីមើលងាយយើងជាសាធារណៈអ៊ីចឹងទេ គាត់មើលងាយខ្ទើយស្មើនឹងការអប់រំគាត់ ចំណេះដឹងអន់ជាងខ្ទើយទៀត! ម្យ៉ាង អ្នកមើលងាយខ្ទើយ ប្រហែលគ្មានប្រពន្ធ ឬមានសង្សារបានស្អាតប្រហែលខ្ទើយ ឬខ្លួនឯងហ្នឹងមិនបានមួយចំណិតខ្ទើយផង ហើយជួនកាលកូនចៅខ្លួនឯងជាខ្ទើយផងក៏មាន ខ្ញុំគិតអ៊ីចឹងទើបអត់តបត!»។ ការលើកឡើងរបស់នាងបើស្ដាប់មួយភ្លែត ហាក់បង្ហាញថានាងមិនមានប្រតិកម្មណាមួយតបទៅនឹងការមាក់ងាយរបស់អ្នកទើសនោះទេ ប៉ុន្តែបើយកសម្ដីរបស់នាងមកវិភាគមួយៗអោយស៊ីជម្រៅ គឺអ្នកប្រើសម្ដីប៉ះពាល់ចំពោះនាងគឺប្រាកដជាឆ្អែត៣ខែផងក៏មិនដឹង។

ប៉ុបពី និយាយថានៅខាងក្រៅនាងគឺជាតារាឆេវឆាវ ឆាប់ខឹងឆាប់ច្រឡោត តែនៅក្នុងហ្វេសប៊ុកនាងមិនអាចប្រើសម្ដីអសុរសច្រឡោតធ្វើអោយតម្លៃជាមនុស្សមហាជនរបស់ខ្លួនរងការរិះគន់ដាច់ខាត។ បន្ថែមពីនោះនាងក៏ប្រកាន់ជំហរមិនមើលងាយអ្នកណានោះដែរ បើទោះជានាងសារភាពថាគឺមានអ្នកសិល្បៈមួយចំនួនបានមាក់ងាយ រហូតដល់នាងឆ្អែតចិត្តហើយលែងហ៊ានដើរជាមួយតារាសិល្បៈទាំងនោះដូចមុន៕

មតិយោបល់