កំពង់ស្ពឺ៖ កម្មករ-កម្មការិនី ចំនួន៣នាក់បានស្លាប់ និងចំនួន២៥នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ(3-4) ចំណុចភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពពង់ស្ពឺ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ដ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក.4200.ភព3 អ្នកបើកបរឈ្មោះ ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅខេត្តកំពង់ចាម និងមានព្រូរថយន្ដ១នាក់ឈ្មោះ យ៉ុន ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃសន្លឹក ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង (ដឹកឥដ្ឋ) បើកបរពីត្បូងទៅជើង មកដល់ចំណុចខាងលើបានបុករថយន្ដ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1409 អ្នកបើកបរឈ្មោះ អ៊ឹម លន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង (ដឹកកម្មករកាត់ដេរ) ចំនួន៣៥នាក់ (ស្រី៣២នាក់) ដែលកំពុងបើកបរពីជើងទៅត្បូង បណ្ដាលអោយគ្រោះថ្នាក់មនុស្សសរុបរួម២៨នាក់ (ស្រី២៤នាក់) កម្មករ២៥នាក់ (ស្រី២៤នាក់) អ្នកបើកបររថយន្ដ២នាក់ប្រុស ព្រូរថយន្ដ១នាក់(ប្រុស) ស្លាប់៣នាក់ (ស្រី២នាក់), របួសធ្ងន់១៧នាក់ (ស្រី១៥នាក់), របួសស្រាល៨នាក់ (ស្រី៧នាក់)។
មន្ត្រីសមត្ថកិច្ចបានបន្តថាវត្ថុតាងទាំងពីរគ្រឿងយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលតដ្ឋបាលត្រពាំងគង។ ករណីខាងលើប្រគល់ជូនជំនាញចរាចរណ៍ខេត្តកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់