ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយមានរឿងជាមួយស្វាមី ពេលនេះ ទ្រី ដាណា បង្ហាញក្តីនឹករលឹកដល់ លោកឪពុកអ្នកម្តាយបង្កើត ដែលចែកឋានទៅ

(ភ្នំពេញ)៖ ជាការពិត ប៉ុន្មានថ្ងៃមុននេះ មហាជនហាក់មានការចាប់អារម្មណ៍ជាខ្លាំង ពាក់ព័ន្ធនឹងរឿងរ៉ាវជម្លោះប្តីប្រពន្ធរបស់ លោកស្រី ទ្រី ដាណា ដែលមហាជនតែងតែហៅថា ថៅកែចិត្តធម៌ ជាមួយនឹងស្វាមី។ ក្រោយពីបញ្ចេញរឿងក្នុងចិត្តជាបន្តបន្ទាប់ ទម្លាយពីមូលហេតុនៃជម្លោះ ត្រូវស្វាមីវ៉ៃជាច្រើនដង នៅពេលនេះ លោកស្រី ទ្រី ដាណា បានបន្តទម្លាយអារម្មណ៍ពិតរបស់ខ្លួន និងនឹកនាដល់ លោកឪពុកអ្នកម្តាយបង្កើត ដែលចែកឋានទៅ ថែមទៀតផង។

ក្នុងសំណេរថ្មីមួយដែលទើបនឹងបង្ហោះក្នុងបណ្តាញសង្គមនាប៉ុន្មាននាទីមុននេះ លោកស្រី ទ្រី ដាណា បានបង្ហោះរូបជាមួយម្តាយឪពុកបង្កើតលោកស្រីជាច្រើនសន្លឹក ដោយភ្ជាប់នឹងពាក្យថា «សុំទោសអ្នកទាំង២ ដែលកូនមិនអាចរកក្ដីសុខរឿងជីវិតគ្រួសារជូនខ្លួនឯងបានច្រើនឆ្នាំហើយ ដែលអ្នកទាំង២ ចាកចេញទៅចោលកូន ទាំងមិនទាន់ស្គាល់អ្វីហៅថាភាពសុខស្រួលក្នុងជីវិត ហើយក៏សុំទោសដែលពេលនោះកូនគ្មានលទ្ធភាពមើលថែអ្នកទាំង២ ព្យាបាលអ្នកទាំង២ ឱ្យនៅមានដង្ហើមបាន។ ពុកម៉ែ លក់លៀស លក់បន្លែ ជួយប្រោះព្រំកូនឱ្យធំដឹងក្ដី។ កូនមិនទាន់បានសងគុណពុកម៉ែ មិនទាន់ផ្ដល់អ្វីឱ្យអ្នកទាំង២វិញ តែកូនបានព្យាយាមធ្វើបុណ្យ ធ្វើតាមការទូន្មានរបស់អ្នកទាំង២ មិនភ្លេចអតីតកាលយើងជាអ្នកក្រទេ~។

លោកស្រីបានបន្តថា « អ្វីដែលកូនធ្វើរាល់ថ្ងៃ គឺបំពេញតួនាទីជាម្ដាយ ជាប្រពន្ធ ជាកូនប្រសារ សាច់ញាតិ ជាបងប្អូន ជាម្ចាស់ក្រុមហ៊ុន ជាម្ចាស់ហាង ជាមេកើយ ទោះមិនបានល្អ១០០% តែកូនយល់ថាវាលើសពីអ្វីដែលនារីធម្មតាម្នាក់គួរធ្វើទៅហើយ។ ហេតុអីនិយាយទាំងបំពាន ធ្វើឱ្យអ្នកដទៃយល់ច្រឡំលើខ្ញុំអត់ពីពុកម៉ែបង្កើតទៅ មានតែឪពុកម្ដាយក្មេកនេះហើយ ហើយខ្ញុំក៏តែងជួយ តែងធ្វើបុណ្យជាមួយពួកគាត់ តែគេបែរមកនិយាយបែបនេះ។ ឱ្យខ្ញុំជួយបងប្អូន ឪពុកម្ដាយគាត់ប៉ុណ្ណា ទើបគ្រប់គ្រាន់ ឬគិតថាលុយដែលរកបានរាល់ថ្ងៃ សល់ទាំងអស់? ត្រូវចំណាយទៅណា ត្រូវចិញ្ចឹមបុគ្គលិកប៉ុន្មាននាក់ ត្រូវជួយគេប៉ុន្មាននាក់ តើគាត់ធ្លាប់ដឹងទេ? គាត់អត់ដឹងទេ ព្រោះគាត់មិនដែលរវល់រឿងរកស៊ី ធ្វើជំនួញទេ។ ខ្ញុំប្រឹងប្រែង ដើម្បីអនាគតគ្រួសារ និងកូនៗប៉ុណ្ណោះ»។

លោកស្រីថា «អត់មានអីនិយាយច្រើនទៀតទេ តែខ្ញុំអាណិតឪពុកម្ដាយបង្កើតខ្ញុំ ដែលមិនទាន់ស្គាល់ភាពសុខស្រួលក្នុងជីវិត នឹកពួកគាត់តែយ៉ាងណា ខ្ញុំមិនខ្វល់ច្រើនទៀតទេ ខ្ញុំសន្យានឹងអ្នកទាំង២ ត្រូវធ្វើជាមនុស្សស្រីស្រីរឹងមាំ មានទំនួលខុសត្រូវលើបុគ្គលិក និងតំណាងចែកចាយទាំងអស់។ មានមនុស្សច្រើនណាស់ ដែលរង់ចាំខ្ញុំជួយ! ខ្ញុំនឹងធ្វើអំពើល្អ ចែកអំណោយជួយអ្នកខ្វះខាតរហូត តាមបណ្ដាំពុកម៉ែបង្កើតខ្ញុំ»៕

មតិយោបល់