បុរសម្នាក់បានបាត់បង់អាយុជីវិត ក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះ នៅវេលាម៉ោង ១:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ១៥៩E២z ជាន់ទី២ នៅពីលើប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បណ្តោយផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីនគរបាលប៉ុស្តិ៍វាលវង់បានឱ្យដឹងថា បុរសចំណាស់ដែលបានស្លាប់នៅក្នុងបន្ទប់កើតហេតុខាងលើមានអាយុប្រហែល ៧៣ឆ្នាំ ត្រូវបានប្រទះឃើញនៅក្បែរទ្វារទៅកាន់រានហាលក្រោយផ្ទះ ភិនភាគស្លៀកពាក់អាវស ខោពណ៌ទឹកប៊ិច ស្លាប់ក្នុងសភាពក្តាប់ដៃ ស្ថិតនៅក្នុងហេតុការណ៍ឆេះផ្ទះទំហំ ៤ម៉ែត្រ x ១២ម៉ែត្រ ខូចខាតសម្ភារទាំងស្រុង ប៉ុន្តែគេមិនទាន់ស្គាល់អត្តញ្ញាណពិតប្រាកដនៅឡើយទេ។
ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យផ្សារទំនើបអូឡាំព្យាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨ម៉ែត្រគូប, រថយន្តស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ១២ម៉ែត្រគូប ក្នុងការពន្លត់ទប់ស្កាត់មិនឱ្យរាលដាលដល់ផ្ទះអ្នកដទៃ។
ចំពោះអគ្គិភ័យខាងលើនេះ គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងស្វែងរកអត្តសញ្ញាណនៃជនរងគ្រោះ ដើម្បីស្វែងរកសាច់ញាតិ និងប្រគល់សពជូនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ CNC
មតិយោបល់