កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ៍ ១៥ កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ករណីធ្វើអោយខូចខាត ដោយចេតនា និងប្រើប្រាស់ខុសច្បាប់ (អាវុធកែច្នៃ) ចំណុចក្នុងវត្តឈើទាលភ្លោះ ភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ លុយ ឈឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ជាគណៈកម្មការវត្តគង្គារមន្នីរតនារាម ហៅវត្តឈើទាលភ្លោះ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ ស៊ឹម ចន្ធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំពោះជនសង្ស័យ ឈ្មោះ ស៊ឹម ចន្ធី បានយកសំណាករកជំងឺកូវីដ១៩ លទ្ធផលអវិជ្ជមាន ។
សម្ភារៈខូចខាត៖ បែកបាកបង់សម្រាប់អង្គុយចំនួន០២ ។ វត្ថុតាងឆាប់យក៖ ១.កាំភ្លើងកែច្នៃបាញ់កណ្ដុរចំនួន០៣ ដើម ។ ២.គ្រាប់ស្នរកាំភ្លើងកែច្នៃចំនួន០៣ដើម ។ ៣.មងពាក់ត្រីចំនួន០១ដៃ ។ ៤.កន្រ្តៃកាត់ឈើ ចំនួន០១ ។
កន្លងមកជនសង្ស័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី១៤.០៩.២០២១ ជនសង្ស័យ បានមកដេកស្នាក់នៅ ក្នុងវត្តឈើទាលភ្លោះ ដោយមិនសុំការអនុញ្ញាត ពីព្រះសង្ឃចៅអធិការវត្តទេ មូលហេតុដោយជនសង្ស័យ ចល័តគ្មានគោលដៅហើយព្រះសង្ឃ អាណិតតែងតែផ្ដល់អាហារ និងភេសជ្ជៈអោយជនសង្ស័យហូបចុក ។
លុះមកដល់ថ្ងៃទី១៨.០៩.២០២១ វេលាម៉ោង១៧:៣០នាទី ជនសង្ស័យបានឮប្រជាពលរដ្ឋនៅទីនោះ និយាយដើមខ្លួនថាមិនល្អ ឮដូច្នេះជនសង្ស័យ ក៏បានលើកបង់អង្គុយ នៅក្នុងបរិវេណវត្តទំលាក់ចុះមកដី បណ្ដាលអោយបែកចំនួន០២ តែពេលនោះ ចៅអធិការវត្តមិនមានការប្ដឹងផ្ដល់ទេ ដោយបានអប់រំណែនាំជនសង្ស័យ ។ រហូតមកដល់ថ្ងៃទី២០.០៩.២០២១ វេលាម៉ោង០៧:០០នាទីព្រឹក ជនសង្ស័យបានផឹកស្រា នៅក្នុងវត្តតែម្នាក់ឯង អស់ចំនួន០១ស្រ៊ី រួចមកជនសង្ស័យ បានទៅផ្ទះប្អូន ឈ្មោះ ធា នៅក្បែរវត្ត ដើម្បីធ្វើអាវុធកែច្នៃ បាញ់កណ្ដុរ សម្រាប់លក់ចំនួន០១ដើម ក្រោយពីធ្វើអាវុធរួច ជនសង្ស័យ បានយកអាវុធកែច្នៃខាងលើនេះ រួមនឹងអាវុធកែច្នៃចាស់ របស់ខ្លួនចំនួន០២ដើមទៀត មកទុកក្នុងវត្ត កន្លែងខ្លួនស្នាក់នៅ រួចក៏ដើរមកលេងតាមភូមិ ។
រហូតដល់វេលាម៉ោង១៦:០០នាទី ជនសង្ស័យ បានប្រើប្រាស់គ្រឿងញៀន អស់ចំនួន០១ កញ្ចប់តូច តម្លៃ១០០០០៛ (មួយម៉ឺនរៀល) នៅក្នុងព្រៃតែម្នាក់ឯងមិនស្គាល់អ្នកលក់ទេ ក្រោយពីប្រើប្រាស់គ្រឿងញៀនរួច ជនសង្ស័យបានយកមងទៅរាយនៅក្នុងស្រះ របស់វត្ត ដោយភ្ជាប់ជាមួយ និងកាំភ្លើងកែច្នៃចំនួន០៣ដើម គណៈកម្មការវត្តឃើញដូច្នេះ ក៏ទៅដេញជនសង្ស័យ ឲ្យយកមងចេញពីក្នុងស្រះ តែជនសង្ស័យមិនចេញ បន្ទាប់មកគណៈកម្មការវត្តក៏ទូរស័ព្ទប្តឹង មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ។
ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកមុខកំពូលតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើឱ្យបែកបង់ សម្រាប់អង្គុយនៅក្នុងវត្តចំនួន០២ពិតមែន ចំណែកកាំភ្លើងកែច្នៃខ្លួនទុកបាញ់កណ្ដុរ ។ ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់