ភ្នំពេញ ៖ ករណីឃាតកម្មមួយបានកើតឡើង បង្កដោយបុរសដែលគេដឹងថាត្រូវជាប្តី បានយកកូនកាំបិតចិតបន្លែចុងស្រួចចាក់ប្រពន្ធបណ្តាលឲ្យស្លាប់ រួចហើយចាក់សម្លាប់ខ្លួនឯងតាមក្រោយ ។
ករណីនេះកើតឡើងនៅវេលាម៉ោង២និង០០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ អាង ស៊ីគូ អាយុ៥២ឆ្នាំ រស់នៅផ្ទះគ្មានលេខ ផ្លូវលេខ៤៥ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។ ចំណែកជនដៃដល់ជាប្តីមានឈ្មោះ ឡោ សុធាវី អាយុ៥៨ឆ្នាំ រស់នៅផ្ទះជាមួយជនរងគ្រោះ ។
វត្ថុតាងនៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញកូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ លឿង មានប្រឡាក់ឈាម១ និងខ្សែភ្លើង១ដុំ ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ប្តី-ប្រពន្ធទាំង២នាក់សម្រាកនៅលើផ្ទះជាមួយគ្នា ហើយបុរសជាប្តីមានការប្រចណ្ឌប្រពន្ធ បានយកកូនកាំបិតចិតបន្លែចុងស្រួចចាក់កប្រពន្ធកំពុងដេកលក់រងរបួសធ្ងន់ធ្ងរ ហូរឈាមរហូតស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់មក បុរសជាប្តីបានយកខ្សែភ្លើង១ដុំ រុំជើងខាងឆ្វេងរួចយកកូនកាំបិតដដែលចាក់កខ្លួនឯងរបួសធ្ងន់រហូតស្លាប់នៅកន្លែង ផងដែរ ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ និងពិនិត្យសាកសពរួច បានប្រគល់ឲ្យកូនស្រីយកទៅធ្វើបុណ្យនៅវត្តចាក់អង្រែក្រោម ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ





មតិយោបល់