ក្រោយរឿង «Squid Game» ល្បីខ្លាំងទូទាំងពិភពលោក ពេលនេះក្រុមហ៊ុនមួយ ប្តឹង Netflix ទាមទារសំណង ៣០លានដុល្លារ

(បរទេស)៖ ចាប់តាំងពីបានចាក់បញ្ចាំងនៅលើ Netflix មក រឿងភាពរបស់កូរ៉េ «Squid Game» ផ្ទុះការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿនៅទូទាំងពិភពលោកតែម្តង។ យ៉ាងណាមិញ នៅពេលនេះស្រាប់តែមានបញ្ហាមួយ កើតឡើងក្រោយរឿងនេះល្បី គឺក្រុមហ៊ុនផ្តល់ សេវាកម្ម Internet មួយឈ្មោះថា SK Broadband បានប្តឹង Netflix ទាមទារសំណង ៣០លានដុល្លារ ។

ប្រភពពី Rueters បានឲ្យដឹងថា ក្រុមហ៊ុន SK Broadband បច្ចុប្បន្ននេះ កំពុងប្តឹងក្រុមហ៊ុន Netflix ពីបទ «ការបង្កើនចរាចរបណ្តាញនិងការងារថែទាំ» ដោយសារតែមកពីអ្នកទស្សនាភាពយន្តច្រើនពេក មើលការសម្តែងនៅលើវេទិកាស្ទ្រីម។ ក្រុមហ៊ុនអ៊ិនធើណែត SK Broadband បានទម្លាយថា ចរាចរបណ្តាញអ៊ិនធើណែតរបស់ក្រុមហ៊ុន Netflix បានកើនឡើងជាង ២៤ ដង ចាប់តាំងពីឆ្នាំ ២០១៨ ដែលត្រូវបានគេជឿជាក់ថា មកពីប្រជាប្រិយភាពល្បីល្បាញនៅក្នុងរឿង Squid Game និង រឿង D.P របស់កូរ៉េ។

ក្នុងនោះ ក្រុមហ៊ុនអ៊ិនធើណែតកូរ៉េខាងត្បូង SK Broadband បានប៉ាន់ប្រមាណថា Netflix ជំពាក់ពួកគេ ចំនួន ២២.៩ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២០។ ក្នុងនោះដែរ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធើណែតមួយនេះ ក៏បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន Netflix គឺជាអ្នកប្រើប្រាស់បណ្តាញចរាចរធំជាងគេទី ២ ប៉ុន្តែគ្រាន់តែជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរដែលមិនចាំបាច់ បង់ថ្លៃបណ្តាញណាមួយ។

សម្រាប់អ្នកដែលព្រួយបារម្ភថាតើវានឹងកំណត់ការចូលមើលខ្សែភាពយន្តដែរឬទេក្រុមហ៊ុន Netflix បានឆ្លើយតបដោយចែករំលែកផែនការរបស់ខ្លួនដើម្បី « ពិនិត្យមើលការទាមទាររបស់ក្រុមហ៊ុន SK Broadband ហើយស្វែងរកការពិភាក្សានិងរិះរកវិធីក្នុងពេលនេះ ដើម្បីធ្វើការជាមួយក្រុមហ៊ុនអ៊ិនធើណែត SK Broadband ដើម្បីធានាថាអតិថិជនមិនរងផលប៉ះពាល់»៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *