ព័ត៌មានសិល្បៈ និងកម្សាន្ត

ករណីលង់ទឹកស្លាប់ ៣នាក់ ក្នុងថ្ងៃតែមួយ នៅខេត្តបន្ទាយមានជ័យ

មនុស្សចំនួន ៣នាក់ បានបាត់បង់ជីវិតដោយសារលង់ទឹក ៣ករណី ដោយឡែកពីគ្នា នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ខែតុលា ឆ្នាំ២០២១។ ករណីទី១ នៅស្រុកមង្គលបូរី ករណីទី២នៅក្រុងប៉ោយប៉ែត និងករណីទី៣ នៅស្រុកភ្នំស្រុក។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍ បានបញ្ជាក់ថា ករណីទី១ តាមប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរី បានឱ្យដឹងថា នៅវេលាម៉ោង ៤:២៤នាទីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ មានក្មេងស្រី ១នាក់ អាយុ១១ឆ្នាំ នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ ជនរងគ្រោះ បាននាំគ្នាទៅលេងទឹកប្រឡាយដែលមានជម្រៅជ្រៅ នៅខាងកើតភូមិចម្ងាយពីភូមិ ១០០០ម៉ែត្រ បណ្តាលឱ្យលង់ស្លាប់។

ករណីទី២ នៅក្រុងប៉ោយប៉ែត នៅវេលាម៉ោង ៤:២០នាទីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ មានបុរស ១នាក់ ឈ្មោះ សុន សាវុធ ភេទប្រុស អាយុ៤២ឆ្មាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលង់ទឹកស្លាប់។

មុនពេលកើតហេតុជនរងគ្រោះ បានបើកទូកទៅនេសាទត្រីនៅក្នុងតំបន់បឹងអូខៃដន ជាមួយកូនប្រុស អាយុ១៣ឆ្នាំ ខណៈនោះ ជនរងគ្រោះបើកទូកជ្រុលទៅបុកច្រាំង បណ្តាលឱ្យបុរសជាឪពុកធ្លាក់ពីលើទូក ហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។ បន្ទាប់មកកម្លាំងផ្នែកសឹករងក្រុងប៉ោយប៉ែតចំនួន ១០នាក់ បានរុករកជាច្រើនម៉ោង ទើបប្រទះឃើញសាកសព។

ដោយឡែក ករណីទី៣ នៅស្រុកភ្នំស្រុក នៅវេលាម៉ោង ៦:៤០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ មានបុរសម្នាក់ឈ្មោះ អឿន រិន ហៅម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិកន្ទួត សង្កាតភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានលង់ទឹកស្លាប់។ បុរសរូបនេះ បានទៅដាក់បង្កៃស្ទូចត្រី នៅចំណុចលូបួនជ្រុង ខាងកើតភូមិគោករំចេក ចម្ងាយ ១,៣០០ម៉ែត្រ ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុ តាមការឱ្យដឹងពីអ្នកទៅដាក់បង្កៃជាមួយគ្នាប្រាប់ថា ក្រោយពីបុរស រងគ្រោះ បានដាក់បង្កៃស្ទូចត្រីរួច ក៏ដើរមកលាងជើង លាងដៃនៅខាងមុខលូស្រាប់តែ រអិលជើង ធ្លាក់ចូលទៅក្នុងលូទឹកកំពុងហូរខ្លាំង និងបានស្រែកឱ្យគេជួយ តែជួយមិនទាន់ ដោយសារតែទឹកហូរខ្លាំង ហើយជនរងគ្រោះបានរសាត់ទៅចូលក្នុងចរវ៉ដាក់ត្រី បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ បន្ទាប់មកក៏នាំគ្នាយកកន្ត្រៃទៅកាត់ចរវ៉អូស មកលើគោក តែជាអកុសលជនរងគ្រោះបានដាច់ខ្សល់ស្លាប់បាត់ទៅហើយ។

សូមបញ្ជាក់ថា ករណីជនរងគ្រោះស្លាប់ទាំង៣នាក់ ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យ កោលសល្យវិច័យរួច បានប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ CNC

មតិយោបល់