ព័ត៌មានសិល្បៈ និងកម្សាន្ត

តាមពិត! សត្វគោដែលស្លាប់កាលពីថ្ងៃមុន គឺត្រូវគេដាក់ថ្នាំបំពុលនៅក្នុងអាងទឹក

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ដែលជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា បុគ្គលអ្នករំលោភយក អាងទឹក (មេទឹក) សាធារណៈរបស់រដ្ឋទៅធ្វើជារបស់ខ្លួន រួចប្រើថ្នាំគីមី (ថ្នាំពុល) ដាក់ចូលអាងទឹកបំពុលគោរបស់អ្នកស្រុកដែលផឹកទឹកអាងឲ្យស្លាប់ គឺជាជនឧក្រិដ្ឋ។ ការលើកឡើងបែបនេះរបស់លោក សួន សេរីរដ្ឋា គឺបន្ទាប់ពី មានករណីគោអ្នកស្រុកជាច្រើនក្បាលនៅភូមិរលួស នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បានងាប់ដោយសារពុលថ្នាំគីមីជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី០៨ ខែតុលារហូតមក។

លោក សួន សេរីរដ្ឋា បានបង្ហោះសារលើបណ្តាញសង្គមថា «បុគ្គលអ្នករំលោភយក អាងទឹក (មេទឹក) សាធារណៈរបស់រដ្ឋទៅធ្វើជារបស់ខ្លួន រួចប្រើថ្នាំគីមី (ថ្នាំពុល) ដាក់ចូលអាងទឹកបំពុលគោរបស់អ្នកស្រុកដែលផឹកទឹកអាងឲ្យស្លាប់ គឺជាជនឧក្រិដ្ឋ ដែលមានទោសរំលោភប្លន់យកសម្បត្តិរដ្ឋផង និងដាក់ថ្នាំបំពុលសម្លាប់សត្វគោជាទ្រព្យឯកជនរបស់ប្រជាពលរដ្ឋផង! វេទិកាសន្តិភាពកម្ពុជា ដែលមានសមាជិកជាច្រើនគ្រួសារបានរងគ្រោះ បាត់បង់សត្វគោជាច្រើនក្បាល នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយសារអំពើទុច្ចរឹត (ឈ្មោះ ឆេង ផល្លី និង ឆេង បូរ៉ា) ដាក់ថ្នាំគីមី (ថ្នាំពុល) ក្នុងអាងទឹកនេះ អំពាវនាវឲ្យសមត្ថកិច្ចសូមធ្វើការស្រាវជ្រាវចាត់ការតាមច្បាប់លើជនល្មើស និងត្រូវឲ្យជនល្មើសសងសំណងដល់ម្ចាស់គោវិញ ឲ្យបានសមរម្យតាមតម្លៃទីផ្សារ! »។

លោក សួន សេរីរដ្ឋា បានបន្ថែមថា «ច្បាប់ មិនអនុញ្ញាតឲ្យជនល្មើសណាម្នាក់រួចខ្លួនទេ ! ដូចនេះអាជ្ញាធរអ្នកអនុវត្តច្បាប់ ត្រូវតែអនុវត្តច្បាប់ឲ្យស្មើរភាព និងមានប្រសិទ្ធិភាព ដើម្បីផ្តល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋម្ចាស់គោទាំងអស់ !»។

គួរបញ្ជាក់ថា ចំនួនសត្វគោស្លាប់គិតត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅលើដីអាងឈ្មោះ “តាអាង” ជាក់ស្តែងមានចំនួន១៧ក្បាល។ ប៉ុន្តែត្រូវម្ចាស់អាងបដិសេធ ថាមិនបានបាញ់ថ្នាំនៅដីនោះទេ៕

មតិយោបល់