ព័ត៌មានជាតិ

នាវា​ Queen​ Elizabeth របស់​ចក្រភព​អង់គ្លេស​ ​ បាន​ចូល​ចត​នៅ​ប្រទេស​សិង្ហ​បុរី​ គ្រោងធ្វើ​​សមយុទ្ធ​ជាមួយ​យោធា​នៅ​ចុង​ស​ប្តា​ហ៍​នេះ

(Reuters)​ -​ កាលពី​ថ្ងៃ​ច័ន្ទ​ នាវា​ដឹក​យន្តហោះ​ថ្មី​របស់​អង់គ្លេស​ឈ្មោះ​ HMS​ Queen​ Elizabeth​ បាន​ចូល​ចត​នៅ​ប្រទេស​សិង្ហ​បុរី​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញខ្លួន​ជា​ថ្មី​ម្តងទៀត​នៅ​ទូ​ទាំង​ពិភពលោក​ និង​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​ ចំ​ពេល​មានការ​កើនឡើង​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​ជា​ច្រើន​ ។​

​នាវា​ឈ្មោះ​ Queen​ Elizabeth​ បាន​ដឹកនាំ​ក្រុម​នាវា​ប្រយុទ្ធ​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​យោធា​សិង្ហ​បុរី​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ រួម​ទាំង​សមយុទ្ធ​កងទ័ពជើងទឹក​ និង​ការ​ធ្វើ​សមយុទ្ធ​ប្រយុទ្ធ​ជាមួយ​យន្តហោះ​បំបាំងកាយ​ F-35B​ និង​យន្តហោះ​ F-16​ ជា​ច្រើន​គ្រឿង​។​

​ប្រទេស​អង់គ្លេស​គ្រោង​នឹង​ដាក់​ពង្រាយ​នាវាចម្បាំង​ពីរ​គ្រឿង​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ដែនទឹក​តំបន់​អាស៊ី​ ជា​កន្លែង​ដែល​សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​ធ្វើ​យោ​ធូប​នី​យ​កម្ម​របស់​ចិន​ និង​ការ​សាងសង់​កោះ​នៅ​សមុទ្រ​ដែល​មាន​សារ:សំខាន់​ចំពោះ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​។​

​មេបញ្ជាការ​ក្រុម​នាវា​ប្រយុទ្ធ​លោក​ Steve​ Moorhouse​ បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​លើ​នាវា​ថ្មី​ដែល​មាន​ទម្ងន់​ ៦៥.០០០​តោន​ថា​ “​ការ​ពិនិត្យ​ឡើង​វិញ​រួម​របស់​យើង​នា​ពេល​ថ្មីៗ​នេះ​បាន​គូសបញ្ជាក់​ពី​សារ:សំខាន់​នៃ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ និង​បំណង​របស់​ចក្រភព​អង់គ្លេស​ដែល​មាន​ទំនោរ​មក​កាន់​តំបន់​នេះ​ និង​មានការ​បង្កើន​វត្តមាន​ ព្រមទាំង​ការ​បង្ហាញខ្លួន​ជា​អចិន្ត្រៃយ៍​កាន់តែ​ច្រើន​”​ ។​

“​វត្តមាន​របស់​នាវា​Queen​ Elizabeth​ កំពុង​ដាក់​ពង្រាយ​នៅ​ទី​នេះ​សម្រាប់​បំពេញ​ប្រតិបត្តិការ​លើក​ដំបូង​នោះ​ជា​ការ​បង្ហាញ​នូវ​ទំនោរ​ក្នុង​តំបន់​នេះ​”​ ។​

​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​អង់គ្លេស​ថា​ សិង្ហ​បុរី​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជាង​ ៤០​ ដែល​ក្រុម​នាវា​ប្រយុទ្ធ​នេះ​នឹង​ធ្វើ​ទំនាក់ទំនង​តាម​រយ:​ដំណើរ​ទស្សនកិច្ច​ ឬ​ការ​ធ្វើ​សមយុទ្ធ​អំឡុង​ការ​ដាក់​ពង្រាយ​នាវា​ជា​សកល​របស់​ខ្លួន​ ៕

មតិយោបល់