ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកំប្លែង ខ្ញុង ដាក់ផាំងៗ! ដល់អ្នកតាមជាន់ពន្លិចនាង និងស្នើរដល់បុគ្គលមួយចំនួនកុំប៉ះពាល់ដល់កូនៗ និងឪពុកម្តាយនាង

(ភ្នំពេញ)៖ មួយរយៈនេះ តារាកំប្លែង ខ្ញុង មានរឿងចម្រូងចម្រាស់មួយចំនួនជាមួយតារាសម្តែង សឿ សុធារ៉ា ពីការជំពាក់លុយកាក តែយ៉ាងណា គេឃើញថា សឿ សុធារ៉ា បានចេញមុខសុំទោសនាងខ្ញុងរួចរាល់ហើយដែរ និងមានក្រដាសស្នាមត្រឹមត្រូវ ដើម្បីបញ្ចប់រឿង។ ហាក់មិនទាន់អស់នៅឡើយ ពោលគឺមុននេះបន្តិច ខ្ញុង ស្រាប់តែចេញមុខមក ដាក់ផាំងៗដល់អ្នកតាមជាន់ពន្លិចនាង និងស្នើរដល់បុគ្គលមួយចំនួនកុំប៉ះពាល់ដល់កូនៗ និងឪពុកម្តាយនាង។

តាមរយៈបណ្តាញសង្គម តារាកំប្លែង ខ្ញុង បានសរសេរសារថា «ព្រោះតែអ្នកគិតថា ខ្ញុំមានមុខមាត់និងកិត្តិយសក្នុងសង្គមទើបអ្នក ដាក់សម្ពាធ បន្ទុកបង្អាប់កិត្តិយស បំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំបរហាកេរ្តិ៍ខ្ញុំ ទាំងដែលខ្ញុំកំពុងនៅរស់ ដោះស្រាយនឹងបញ្ហាជាមួយអ្នក តែបើដល់ចំណុចមួយដែលវាពិបាកខ្លាំង ដល់ថ្នាក់បាត់បង់កិត្តិយស ខ្ញុំក៏មិនខ្លាចនិងការប្រឈមមុខ ព្រោះវាមិនមែនជាទោសសម្លាប់មនុស្ស ឆបោក ឆក់ប្លន់ ដែលត្រូវជាប់ទោស ប្រហារជីវិតនោះឡើយ តើមានមនុស្សប៉ុន្មាននាក់ ដែលមិនធ្លាប់ ជាប់បំណុល សំខាន់គឺនៅឈរមុខដោះស្រាយ តែបានអ្នកមិនផ្ដល់ឱកាស ទុកដង្ហើមឲ្យខ្ញុំដកហើយ ខ្ញុំក៏មិនខ្លាចនឹងប្រឈមមុខ ព្រោះខ្ញុំរស់នៅក្នុងប្រទេសដែលមានច្បាប់»។

នាងខ្ញុង បានបន្ថែមថា «ចំណែកអស់លោកដែលខំមិនមើលងាយប្រមាថ សូមកុំប៉ះពាល់ដល់កូនខ្ញុំនឹងម្ដាយឪពុកខ្ញុំ ព្រោះឃើញការខំមិនជេរប្រមាថ ជាច្រើនរបស់មនុស្សសញ្ជាតិខ្មែរដូចគ្នា រស់លើភពផែនដីតែមួយ ប្រហែលបងប្អូនសាច់ញាតិគាត់មិនមានបំណុលទេ»។

យ៉ាងណាមិញ សម្រាប់សារនេះ ខ្ញុង មិនបានបង្ហាញច្បាស់ទេ ពីឈ្មោះបុគ្គលដែលព្យាយាមចង់ឲ្យនាងបាត់បង់កិត្តិយសនោះ តែបើតាមការសន្និដ្ឋានពីមហាជន បានលើកឡើងថា ទំនងជារឿងជំពាក់លុយកាកដូចលើកមុនហើយ ដោយមិនទាន់ដាច់ស្រេច១០០ភាគរយ៕

មតិយោបល់