ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្អៀងពិភពសិល្បៈខ្មែរ ក្នុងពិធីសម្ពោធរឿង «Jailbreak »

យ៉ាងហោចតារាល្បីៗជាងពាក់កណ្ដាលក្នុងពិភពសិល្បៈ ត្រូវគេឃើញបង្ហាញខ្លួនយ៉ាងច្រើនស្អេកស្កះ នៅក្នុងព្រឹត្តិការណ៍សម្ពោធរឿង«Jailbreak » ឬ រឿង«ការពារឧក្រិដ្ឋជន» ដែលជារឿងប្រភេទវាយតប់ដ៏រស់រវើករបស់ខ្មែរ ដែលអ្នកណាៗក៏សរសើរថាមិនចាញ់រឿងហុងកុង និងរឿងហូលីវូដ កាលពីល្ងាចថ្ងៃទី២០ មករា នៅផ្សារទំនើបTK ។ នេះជាការជួបជុំដ៏ធំរបស់តារាសិល្បៈ ដែលញ៉ាំងអោយស្នាដៃភាពយន្តរបស់ខ្មែរមួយនេះ កាន់តែមានមុខមាត់នៅក្នុងស្រទាប់មហាជន។

ផលិតកររឿង«JailbreaK »ជាជនជាតិអ៊ីតាលី ដែលមានភរិយាជានារីខ្មែរ បានបង្ហាញការកោតសរសើរហួសពីការស្មានចំពោះវត្តមានរបស់តារាសិល្បៈ ដែលសុទ្ធតែមានកេរ្តិ៍ឈ្មោះបោះសំឡេងរហូតដល់ច្រើនរយនាក់ ដែលបានបង្ហាញខ្លួន ក្នុងពិធីសម្ពោធរឿងមួយនេះ។ លោកថាសប្បាយចិត្តដែលតារាសិល្បៈ ផ្ដល់កម្លាំងចិត្តអោយខ្លួន ដែលមិនខុសជួយធ្វើអោយខ្សែរឿង ដែលទទួលបានការសរសើរថាមិនចាញ់រឿងវាយតប់របស់ហុងកុងមួយនេះ​ ក្លាយជាព្រឹត្តិការណ៍កក្រើកមួយ។ លោកថារឿងនេះសម្ដែងអោយតារាខ្មែរល្បីៗ តែក៏មានតារាបរទេសមកពីប្រទេសបារំាំង អាមេរិក និងអង់គ្លេសចូលរួមសម្ដែងច្រើននាក់ផងដែរ ដោយតារាទាំងនោះសុទ្ធសឹងតែចេះក្បាច់គុណ ទើបធ្វើអោយរឿង«Jailbreak » ពោរពេញដោយឈុតឆាកវាយតប់រស់រវើកមិនធ្លាប់មាន។ លោកថា រឿងនេះ ចំណាយពេលថតជាងមួយឆ្នាំ និងប្រើទុនអស់ជាង៣០ម៉ឺនដុល្លារ ហើយបើនិយាយពីគុណភាពរឿង គឺលោកធានាមួយរយភាគរយ ថាត្រូវបានផលិតករបរទេសទទួលស្គាល់។ លោកថាជាមោទនភាពដែលរឿង«Jailbreak » ត្រូវបានទីផ្សារអាមេរិកព្រមអោយយកទៅបញ្ចាំង នៅតាមរោងកុនក្នុងពេលខាងមុខ ហើយក្នុងពេលសម្ពោធរឿងមួយនេះ ក៏មានតារាកម្ពុជាកុះករចូលរួមលើកទឹកចិត្ត។ យ៉ាងណាមិញ លោកថារហូតដល់ថ្ងៃទី៣១ មករា ទើបសម្រេចដាក់លក់សំបុត្រផ្លូវការ ដោយលោកយល់ទីផ្សារក្នុងស្រុកក៏ពិតជារង្គើណាស់ដែរ មុនចេញទៅកើបលុយ នៅអាមេរិកជាជំហានទី២។

គួរបញ្ជាក់ថាព្រឹត្តិការណ៍សម្ពោធរឿង «Jailbreak » នោះ គេឃើញមានវត្តមានតារាល្បីៗយ៉ាងច្រើនកុះករ ដែលមានទាំងតារាចម្រៀងល្បីៗ របស់ហង្សមា តារាម៉ូដែល ផលិតករ តារាកំប្លែង និងតារាសម្ដែង ដែលតារាល្បីទាំងនោះត្រូវគេស្គាល់ថា មានជាង១០០នាក់ជាសមាជិកGroup «គ្រួសារតារាកម្ពុជា» និងមួយចំនួនទៀតជាតួសម្ដែងក្នុងរឿង៕

មតិយោបល់