(ភ្នំពេញ)៖ តារាកំប្លែង ល្បីឈ្មោះបោះសំឡេង នាងខ្ញុង នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះបានធ្វើការឡាយតាមបណ្តាញសង្គម ប្រកាសពីការក្ស័យធុនមុខរបររកស៉ីរបស់នាង និងមានការជំពាក់បំណុលគេ សរុបជាទឹកប្រាក់រហូតដល់ ៥៧២,០០០ដុល្លារអាមេរិក។
តាមរយៈ Caption នៅលើការឡាយរបស់នាង ខ្ញុង តារារូបនេះបានសរសេរសារយ៉ាងដូច្នេះថា «នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែត គ្មានសែត នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារ ដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនិងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី។ ABA: 077333353,Sreng Sokanda»។
តាមរយៈការឡាយ នាងខ្ញុង បានឲ្យដឹងថា នាងបានជំពាក់លុយម្ចាស់បំណុលរហូតដល់ទៅជាង២០នាក់ ដែលសរុបជាទឹកប្រាក់រហូតដល់ចំនួន ៥៧២,០០០ដុល្លារអាមេរិក។ នាងខ្ញុង បានចូលខ្លួនព្រមទទួលកំហុស ប្រកាសជាសាធារណៈដោយសារដឹងថា ខ្លួនមានជាប់បទល្មើសចេញសែកស្អុយ ហើយនាងសង្ឃឹមថា ម្ចាស់បំណុលនឹងយោគយល់ដល់រូបនាង ផ្តល់ឪកាសដល់នាងក្នុងការសងប្រាប់តាមលទ្ធភាព។ រឿងរ៉ាងយ៉ាងណាបន្តទៀតនោះ គេនៅមិនទាន់ដឹងនោះឡើយ។ ដំណឹងនឹងជម្រាបជូនពេលក្រោយទៀត។








មតិយោបល់