(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ លោក ឌួង ឆាយ ដែលធ្លាប់មានងារជាឧកញ៉ា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែមានរឿងរកាំរកូសជាមួយអតីតភរិយា អំពីការសុំសិទ្ធយកកូនៗមកលេង។ យ៉ាងណាមិញ ខណៈរឿងទំនាស់នេះ មិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង ស្រាប់តែលោក ឌួង ឆាយ ប្រកាសថា ខ្លួនបានសង់បំណុលធនាគារ ជាង 10,000,000$ រួចរាល់ និងប្រកាសបើកលក់គម្រោងបុរី និងមានដាក់ឲ្យខ្ចីប្រាក់ថែមទៀតផង។
ក្នុងបណ្តាញសង្គមផ្លូវការ លោក ឌួង ឆាយ បានសរសេរសារយ៉ាងដូច្នេះថា «សូមប្រកាសថាខ្ញុំ និងអ្នកម្តាយរួមទាំងប្អូនៗបានសងបំណុលធនាគារជាង 10,000,000$ អស់ហើយដែលខ្ចីដោយលោកឪពុករបស់ខ្ញុំយកទៅធ្វើជំនួញយ៉ាងសកម្ម។ សូមគោរពអរគុណថ្នាក់ដឹកនាំទាំងអស់ដែលបានសណ្តោសប្រោសប្រណី។ សូមអរគុណបងប្អូនល្អ និងមិត្តភ័ក្តល្អៗពិតប្រាកដដែលនៅតែស្រលាញ់រាប់អានមិនប្រកាន់ពេលខ្ញុំលំបាក។ រឿងមួយនេះបានធ្វើអោយខ្ញុំស្គាល់មនុស្សជាច្រើនកាន់តែច្បាស់។ ខ្ញុំនឹងបើកទទួលអោយខ្ចីប្រាក់ និងបើកលក់គំរោងបុរីថ្មីនៅជិតផ្លូវ 2004 របស់គ្រួសារខ្ញុំឆាប់ៗខាងមុខនេះ។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់រាប់អានផ្តល់កំលាំងចិត្តជាពិសេសអាណិតគ្រួសារខ្ញុំ»។
ទន្ទឹមនឹងដំណឹងនេះ ក៏មានមហាជនខ្មែរ ដែលជាអ្នកគាំទ្រលោក ឌួង ឆាយ សម្តែងការចូលរួមអបអរសាទរផងដែរ។ ព្រោះបើទោះបីជាមានរឿងរ៉ាវក្នុងគ្រួសារ ត្រូវបែកបាក់គ្នាយ៉ាងណាក្តី លោកនៅតែតស៊ូ ជំនះ រហូតទទួលបានផ្លែផ្កា ងើបមុខមាត់ឡើងវិញបាន៕
មតិយោបល់