ព័ត៌មានជាតិ

ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន កែប្រែប្រព័ន្ធប្រកួតថ្មីខ្លីជាងមុន ដោយកំណត់យកការប្រកួតតែ១ជើង

ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាល ២០២១ ថ្នាក់ជាតិ គ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយកែប្រែប្រព័ន្ធប្រកួតថ្មីខ្លីជាងមុន បន្ទាប់ពីព្រឹត្តិការណ៍ថ្នាក់ខេត្តបានផ្អាកតាំងពីខែមេសា ឆ្នាំ២០២១ និងទើបមកប្រកួតឡើងវិញ នាខែតុលា ឆ្នាំ២០២១ឡើងវិញ។

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់បង្ហាញនូវប្រព័ន្ធប្រកួត ក៏ដូចជាពេលវេលាប្រកួតត្រូវបង្រួមខ្លី ដោយការប្រកួតវគ្គជម្រុះ១៦ក្រុមថ្នាក់ជាតិ និងវគ្គ៨ក្រុមចុងក្រោយ គ្រប់ការប្រកួតត្រូវជួបគ្នាតែ១ជើង ហើយក្រុមចាញ់ៗនឹងធ្លាក់ចេញពីវគ្គជម្រុះតែម្តង។ ការប្រកួតរដូវកាលមុនៗ ការប្រកួតថ្នាក់ជាតិនេះត្រូវជូបគ្នាចំនួន២ជើង ក្នុងផ្ទះ និងក្រៅផ្ទះទាំងវគ្គ១៦ក្រុម និងវគ្គ៨ក្រុងចុងក្រោយ។ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គ១ភាគ២ គឺ២ក្រុមឈ្នះៗនឹងត្រូវឡើងទៅប្រកួតប្រជែងជើងឯក ខណៈ២ក្រុមចាញ់ៗនឹងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣។ ការប្រកួតថ្នាក់ជាតិ រដូវកាល ២០២១នេះគ្រោងនឹងចាប់ផ្តើម នាថ្ងៃទី០៩ ខែវិច្ឆិកា និងគ្រោងបញ្ចប់ទៅវិញនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្រាប់កម្មវិធី៤ប្រកួត នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ វគ្គ១៦ក្រុមថ្នាក់ជាតិ នៃពានរង្វាន់សម្តេច ហ៊ុន សែន រួមមាន៖ ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមជើងឯកឡើងមកពីថ្នាក់ខេត្ត ក្រុមកោះកុងអេហ្វ.ស៊ី, ក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមខេត្តត្បូងឃ្មុំ (ជើងឯករងថ្នាក់ខេត្ត), ក្រុមការពារតំណែងជើងឯកថ្នាក់ជាតិ ២០២០ វិសាខា ប៉ះជាមួយក្រុមខេត្តបន្ទាយមានជ័យ (ក្រុមលេខ៣ថ្នាក់ខេត្ត) និងក្រុមណាហ្គាវើលដ៍ជួបក្រុមនគរបាលជាតិ។

សម្រាប់៤ប្រកួតទៀត នាថ្ងៃទី១០ ខែវិច្ឆិកា រួមមាន៖ ក្រុមបឹងកេត ជួបក្រុមសូលទីឡូអង្គរ, ក្រុមអង្គរថាយហ្គឺរប៉ះជាមួយក្រុមព្រៃវែងអេហ្វស៊ី, ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ប៉ះជាមួយក្រុមអគ្គិសនីកម្ពុជា និងក្រុមគិរីវង់សុខសែនជ័យ ប៉ះជាមួយក្រុមអាស៊ីអឺរ៉ុបយូណាយធីត ៕

មតិយោបល់