ព័ត៌មានសិល្បៈ និងកម្សាន្ត

បវរកញ្ញា ប៊ី សុធារី ខកខានទៅប្រកួត «Miss Charm International» ជាលើកទី២ ដោយសារកូវីដ-១៩

(ភ្នំពេញ)៖ ជាការពិតណាស់ បវរកញ្ញារបស់កម្ពុជា គឺកញ្ញា ប៊ី សុធារី បានក្លាយជាបេក្ខនារីដំបូងហើយ ដែលនឹងមានវត្តមានចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញា លក្ខណ:ពិភលោក គឺ «Miss Charm International» តែយ៉ាងណា គម្រោងការទៅប្រកួតក្នុងកម្មវិធីនេះ របស់ ប៊ី សុធារី ព្រមទាំងបវរកញ្ញាតំណាងប្រទេសផ្សេងទៀត ស្រាប់តែខកខានពីរលើកទីហើយ ដោយសារតែស្ថានភាពកូវិដ-១៩ មិនទាន់ធូរស្បើយ។

កញ្ញា ប៊ី សុធារី បានបង្ហាញនូវអារម្មណ៍សោកស្តាយជាខ្លាំង ក្រោយគម្រោងចេញទៅប្រកួត Miss Charm International ត្រូវបានលើកពេលជាលើកទី២ ព្រោះតែស្ថានភាពជំងឺកូវីដ១៩ក្នុងប្រទេសជិតខាងរបស់កម្ពុជាមួយនេះនៅមិនទាន់ធូរស្រាលនៅឡើយ តែទោះជាយ៉ាងក្តីតារាម៉ូដែលរូបនេះ បានងាកមកពង្រឹងការងារក្នុងស្រុកវិញ ដើម្បីសាងប្រជាប្រិយភាព ។

Miss Charm International តំណាងកម្ពុជារូបនេះ បានដាក់ចិត្តដាក់កាយយ៉ាងខ្លាំងទៅលើការប្រកួតក្នុងកម្មវិធី Miss Charm International ដែលគ្រោងនឹងរៀបចំឡើងនៅប្រទេស វៀតណាត នៅចុងខែ កញ្ញា កន្លងមកនេះ ដោយនាងបានខំប្រឹងហ្វិតហាត់ និង ត្រៀមសម្លៀកបំពាក់ជាច្រើនដើម្បីចូលរួមប្រកួត ជាពិសេសនាងមិនហ៊ានទទួលការងារក្នុងស្រុកឡើយ ដើម្បីមានពេលវេលាគ្រប់គ្រាន់ពង្រឹងសមត្ថភាពខ្លួន ប៉ុន្តែអ្វីដែលគួរសោកស្តាយនោះ កម្មវិធីប្រកួតត្រូវបានលើកពេលវេលាទៀតហើយ ។

ជាមួយនិងការប្រកាសផ្អាកគម្រោងចេញទៅប្រកួតនេះ កញ្ញា ប៊ី សុធារី បានទទួលការងារក្នុងសិល្ប: ឡើងវិញហើយ ដោយនាងទទួលថតសំអាង ថតម៉ូដ ឬ ថតភាពយន្តជាដើម ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងទទួលថតរឿង ២ ឱ្យស្ថានីយ៍ទូរទស្សន៍មួយក្នុងតំណែងជាតួឯកស្រី នាងសង្ឃឹមថាវត្តមានថ្មីរបស់នាង នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ៕

មតិយោបល់