(វ៉ាស៊ីនតោន)៖ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានទទួលស្គាល់ជាផ្លូវការចំពោះការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលលឿនជាងសំឡេងដោយប្រទេសចិន ដែលក្រុមអ្នកជំនាញយោធាភាគច្រើនយល់ថាត្រូវបានផលិតឡើងដើម្បីទម្លុះប្រព័ន្ធខែល ការពារមីស៊ីលអាមេរិក។
លោក Mark Milley ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍មួយសា្ថនីយទូរទស្សន៍ Bloomberg នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Mark Milley ក៏បានប្រៀប ប្រដូចផងដែរថាការធ្វើតេស្ដមីស៊ីលលឿនជាងសំឡេងរបស់ចិន ស្ទើរតែដូចគ្នាទៅនឹងព្រឹត្តិការណ៍ Sputnik ពោលគឺជាពេលរុស្ស៊ីបាញ់បង្ហោះផ្កាយរណប ជាលើកដំបូងបំផុតកាលពីឆ្នាំ១៩៥៧ ដោយបានធ្វើ ឱ្យទីក្រុងម៉ូស្គូនាំមុខគេក្នុងការរត់ប្រណាំងសព្វាវុធនាសម័យសង្រ្គាមត្រជាក់នៅពេលនោះ។
សារព័ត៌មាន Financial Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក បានរាយការណ៍កាលពីខែកញ្ញាកន្លងទៅថាចិនបាន ធ្វើតេស្ដមីស៊ីលលឿនជាងសំឡេងមួយគ្រាប់ប្រកបដោយជោគជ័យ។ ប៉ុន្តែ ក្រសួងការបរទេសចិនធ្លាប់បានច្រានចោលសេចក្ដីរាយការណ៍បែបនេះដោយ បញ្ជាក់ថាខ្លួនមិនបានធ្វើតេស្ដមីស៊ីលនោះទេ ដោយគ្រាន់តែធ្វើការបាញ់បង្ហោះផ្កាយរណបធម្មតាតែប៉ុណ្ណោះ៕
មតិយោបល់