ព័ត៌មានជាតិ

បង្រ្កាបក្រុមចោរកាប់ប្លន់ស្លាកលេខម៉ូតូមួយសម្បុក ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៦នាក់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាប់រវល់និងតាមដានស្ថានភាពទឹកជំនន់ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ តែកម្លាំងជំនាញនៅតែបន្តបង្រ្កាបបទល្មើសឆក់ និងប្លន់ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជាប្រចាំ ទោះបីទឹកនៅមិនទាន់ស្រកក៏ដោយ ជាក់ស្តែងកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យមួយក្រុម ដែលតែងតែធ្វើសកម្មភាពអុកឡុកប្លន់យកស្លាកលេខម៉ូតូ ពីជនរងគ្រោះយ៉ាងសកម្ម ។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥និង០០នាទី ជនរងគ្រោះទី១-ឈ្មោះ សាត សំណេត ភេទប្រុស អាយុ១៦ឆ្នាំ ,ទី២-ឈ្មោះ យ៉ាន យ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1BK-8868 បានឌុបគ្នាទៅលេងបាល់ទះ នៅតារាងបាល់ហ្គាឡាក់ស៊ី ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពេលជនរងគ្រោះឌុបគ្នាទៅដល់ខាងមុខ តារាងបាល់ទាត់ហ្គាឡាក់ស៊ី ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា០៨នាក់ ទី១-ឈ្មោះ វ៉ាន់ លីវ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី២-ឈ្មោះ គង់ កុសល់ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៣-ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួកចំនួន០៥នាក់ទៀត មិនស្គាល់ឈ្មោះ ជិះម៉ូតូ ចំនួន០៤គ្រឿង បានមកដល់ដែរ រួចជនសង្ស័យឈ្មោះ ឈៀង សីហា បានចុះពីលើម៉ូតូកាន់កាំបិតប៉័ងតោ រត់សំដៅចូលទៅកាប់ជនរងគ្រោះឈ្មោះ យ៉ាន យ៉ាន់ រងរបួសត្រង់ចំង្កេះផ្នែកខាងក្រោយ ចំហៀងខាងស្តាំ (របួសធ្ងន់) និងកាប់ត្រូវជនរងគ្រោះឈ្មោះ សាត សំណេត រងរបួសស្មាខាងស្តាំមួយកាំបិត (របួសស្រាល) ហើយជនសង្ស័យ និងបក្ខពួក ថែមទាំងបានកាប់យកស្លាកលេខម៉ូតូភ្នំពេញ 1BK-8868 របស់ជនរងគ្រោះឈ្មោះ សាត សំណេត ជិះគេចខ្លួនបាត់ ។

បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នាំជនរងគ្រោះទាំង០២នាក់ ទៅព្យាបាលនៅក្លីនិកឯកជនសួគ៌ា រួចឈ្មោះ យឿន យ៉ាន ភេទប្រុស អាយុ៤១ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះ យ៉ាន យ៉ាន់) និងឈ្មោះ ស៊យ សាត ភេទប្រុស អាយុ៤១ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះ សាត សំណេត) បានមករាយការណ៍ និងដាក់ពាក្យបណ្តឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។

លុះដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី កម្លាំងសម្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានចំនួន០៦នាក់ ជាបន្តបន្ទាប់ រួមមាន៖ទី១-ឈ្មោះ បាន ពេជ្រ ហៅ ទូ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី២-ឈ្មោះ វ៉ាន់ លីវ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៣-ឈ្មោះ ភី វិបុល ហៅ បឿន ភេទប្រុស អាយុ១៨ឆ្នាំ ទី០៤ឈ្មោះ ធូ ចាន់រិទ្ធិសែម ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៥-ឈ្មោះ គង់ កុសល ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៦-ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងវត្ថុតាងដកហូតបាន៖

១/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ 1FI-2877 មានចំនួន០១គ្រឿង ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន 8652002 ចំនួន០១គ្រឿង ៣/ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាកIPHONE 6 ពណ៌ទឹកមាស០១គ្រឿង, IPHONE 5 ពណ៌ទឹកប្រាក់០១គ្រឿង, Redmi ពណ៌ខ្មៅ០១គ្រឿង) ត្រង់ចំណុចសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ។

ហើយកន្លងមកជនសង្ស័យ និងបក្ខពួកខាងលើ បានធ្វើសកម្មភាពកាប់ប្លន់ យកស្លាកលេខម៉ូតូជាច្រើនលើកថែមទៀត ជាក់ស្តែង លើកទី១ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី បានធ្វើសកម្មភាពកាប់ប្លន់យកស្លាកលេខម៉ូតូ ភ្នំពេញ1CB-5670 ចំនួន០១ ជារបស់ជនរងគ្រោះឈ្មោះ ធីវ ចាន់រតនៈ ភេទប្រុស អាយុ១៦ឆ្នាំ និងបានកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះឈ្មោះ ភ័ក្ត្រ សុផាត់ ភេទប្រុស អាយុ១៩ឆ្នាំ ធ្វើឱ្យខូចខាតទាំងស្រុង ត្រង់ចំណុចផ្ទះលេខ៣៥ ផ្លូវលេខ១៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លើកទី០២ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី បានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IY-5167 មានលេខតួ និងលេខម៉ាស៊ីន 363558 របស់ជនរងគ្រោះ ទ្រី សុគន្ថា ភេទប្រុស អាយុ២២ឆ្នាំ ត្រង់ចំណុចផ្ទះលេខ៧២ ផ្លូវលេខ៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ហើយជនរងគ្រោះខាងលើ ក៏បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ និងបក្ខពួកយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

ក្រោយពីមានចម្លើយសារភាព របស់ជនសង្ស័យខាងលើ ដោយមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

មតិយោបល់