ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា បញ្ចេញមតិបែបនេះ ទៅលើម្ចាស់មកុដ «Miss Universe Cambodia» ឆ្នាំ២០២១

(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញម្ចាស់មកុដក្នុងកម្មវិធី «Miss Universe Cambodia» ឆ្នាំ២០២១ តារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា ពេជ្រ សោភា បានបញ្ចេញមតិមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ជាពិសេសផ្តោតសំខាន់ទៅលើការលើកទឹកចិត្ត កញ្ញា ងិន ម៉ារ៉ាឌី ដែលជាម្ចាស់មកុដ ដោយសារតែនាងមានតួនាទីតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតនៅបរទេស។

បើតាមគណនីផ្លូវការបស់ ពេជ្រ សោភា បានសរសេរសារថា «សំរាប់ខ្ញុំគឺមិនចង់និយាយច្រើនទេ ត្រូវចាំអ្នកទៅប្រលងបន្ត គឺគាត់
ចឹងយើងគួរគិតថាគាត់តំណាងឲ្យប្រទេសកម្ពុជាកាលើកទឹកចិត្តគឺសំខាន់ បើយើងមិនគាំទ្រគាត់ឲ្យអ្នកណា មកគាំទ្រគាត់ក្នុងពេលនេះ អរគុណ ពីរនាងខ្ញុំ ពេជ្រ សោភា»។

ជាការកត់សម្គាល់ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «Miss Universe Cambodia» ឆ្នាំ២០២១ តារាចម្រៀងពេជ្រ សោភា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង តាមរយៈការសម្តែងយ៉ាងល្អឥតខ្ចោះ ពោលគឺបន្ថែមពីការបង្ហើរសំនៀងយ៉ាងពិរោះ ពេជ្រ សោភា បានពាំនាំ ល្ខោនខោលខ្មែរ មកបញ្ចូលក្នុងឈុតមួយចំនួនមកសម្តែង នៃចម្រៀងរបស់នាង ពេលបកស្រាយលើឆាក។ ខណៈការសម្តែងឈុតបែបនេះ ត្រូវបានគេដឹងថា ជាក្តីបំណងរបស់តារាចម្រៀង ពេជ្រ សោភា ជាយូរមកហើយ។

គួរជម្រាបថា ម្ចាស់មកុដ «Miss Universe Cambodia» ឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី ត្រូវបានគេដឹងថា មិនត្រឹមតែជាតារាបង្ហាញម៉ូត ដែលមានរូបសម្រស់ស្រស់សោភានោះទេ ថែមទាំងមានអាជីពជាតារាសម្តែង និងជាពិធីការិនីផងដែរ។ តារាស្រីរូបនេះ គឺជាបេក្ខភាពលេចធ្លោចាប់តាំងពីផ្តើមនៃកម្មវិធីប្រកួត។ នាងមានអាយុ២២ ឆ្នាំកម្ពស់ ១,៦៥ម៉ែត្រ។

បន្ទាប់ពីក្លាយជាម្ចាស់ជយលាភី ក្នុងកម្មវិធី «Miss Universe Cambodia» ឆ្នាំ២០២១នេះហើយ កញ្ញា ងិន ម៉ារ៉ាឌី នឹងក្លាយជាបេក្ខនារីតំណាងកម្ពុជាចូ លរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក «Miss Universe» ឆ្នាំ២០២១ ដែលមានការចូលរួមពីសំណាក់បេក្ខនារី តំណាងប្រទេសជាច្រើនទៀត។ កម្មវិធី «Miss Universe» ឆ្នាំ២០២១ លើកទី៧០ គ្រោងនឹងធ្វើឡើងនៅទីក្រុង Eilat ប្រទេសអ៊ីស្រាអែល នាខែធ្នូខាងមុខនេះ។

មតិយោបល់