ព័ត៌មានសិល្បៈ និងកម្សាន្ត

ដឹងច្បាស់ហើយ! យុវវ័យរូបស្រស់ឡើងថ្លែងតំណាងផលិតកម្ម Galaxy Navatra ក្នុងថ្ងៃលក់សិទ្ធចម្រៀង «Are You Ok?» ជានរណា?

(ភ្នំពេញ)៖ ក្រៅពីមហាជនមានភាពភ្ញាក់ផ្អើលក្នុងថ្ងៃប្រកាសលក់សិទ្ធចម្រៀង «Are You Ok?» របស់ផលិតកម្មក្នុងស្រុក Galaxy Navatra ទៅឲ្យក្រុមហ៊ុនបរទេស GESTOS ហើយនោះ អ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺសមាភាពរបស់យុវតីរូបស្រស់ម្នាក់ឈ្មោះ ហេង នុត្តា ដែលឡើងថ្លែងតំណាងឲ្យផលិតកម្ម Galaxy Navatra ទាំងជាភាសាខ្មែរ និងភាសាបរទេស។

តើយុវតីរូបនេះជានរណា?

កញ្ញា ហេង នុត្តា មានវ័យ១៥ឆ្នាំ បច្ចុប្បន្នកំពុងសិក្សាថ្នាក់ទី១០ នៃសាលាអន្តរជាតិមួយនៅភ្នំពេញ។ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ហេង នុត្តា ប្រាប់ថា កញ្ញាជាកូនស្រីបង្កើតរបស់ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។ កត្តា ដែល ជម្រុញ ឱ្យក្មេងស្រីវ័យ១៥ឆ្នាំរូបនេះ មានភាពក្លាហាន និងអាចឈរលើវេទិកា យ៉ាង ធំដោយគ្មានភាពភ័យខ្លាចបែបនេះ គឺបណ្ដាល មក ពីមាន ការ លើក ទឹកចិត្តពីឪពុក គឺ លោក ហេង ឡុង និងការគាំទ្រពេញទំហឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីចូលរួមជាតំណាងផលិតកម្ម Galaxy Navatra ថ្លែងសន្ទរកថា ជាភាសាខ្មែរ និងអង់គ្លេសនៅក្នុងកម្មចុះកិច្ចព្រមព្រៀងលក់សិទ្ធិបទចម្រៀង Are you ok? កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

យុវតី ហេង នុត្តា ក៏បានបញ្ជាក់ដែរថា នៅថ្ងៃអនាគតខ្លួនអាចនឹងក្លាយជាអ្នកថ្លែង សន្ទរក ថា និងជាអ្នកជួយ បកប្រែបទចម្រៀងឱ្យផលិតកម្ម Galaxy Navtra ថែមទៀតផង ។

គួរជម្រាបថា កាលពីរសៀលថ្ងៃទី៦ វិច្ឆិការ ផលិតកម្មខ្នាតធំ Galaxy Navatra បានបើកពិធីសន្និសីទសារព័ត៌មាន ស្ដីពីការលក់សិទ្ធិចម្រៀងបទ “Are you Ok?” ឱ្យទៅក្រុមហ៊ន Gestos យកទៅផលិតផ្សព្វ ផ្សាយលើបណ្ដាញសង្គមនានារបស់ប្រទេសចិន។ នេះជាលើកដំបូងហើយ ក្នុងពិភពចម្រៀងរបស់កម្ពុជា ដែលមានការលក់សិទ្ធចម្រៀងក្នុងស្រុក ទៅឲ្យក្រុមហ៊ុននៅបរទេសបែបនេះ៕

មតិយោបល់