ឈុតតំណាងជាតិរបស់ខ្មែរ «វប្បការិកា ចត្វានិមិត្ត» ដែលបានគ្រងដោយ បវរកញ្ញាចក្រវាល ងិន ម៉ារ៉ាឌី បង្ហាញលើឆាកប្រកួតអន្តរជាតិលំដាប់ពិភពលោក Miss Universe នារាត្រីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នេះ ពិតជាធ្វើឱ្យមហាជនខ្មែរសែនរំភើបចិត្តជាខ្លាំង ពីព្រោះឈុតដ៏ល្អឯកខ្មែរមួយនេះ អាចបង្ហាញឱ្យពិភពលោកបានស្គាល់កាន់តែទូលំទូលាយពីភាពអស្ចារ្យនៃ វប្បធម៌ អរិយធម៌ខ្មែរ និងកេរ្ដិ៍មរតកដូនតាដ៏សម្បូរបែបរបស់ខ្មែរយើង។
ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យឈុតតំណាងជាតិខ្មែរ «វប្បការិកា ចត្វានិមិត្ត» នេះកាន់តែមានភាពអស្ចារ្យ និង គួរឱ្យស្ងប់ស្ងែងថែមទៀត គឺបានឃើញមានច្នៃប្រឌិតឡើងរំលេចនូវអក្សរខ្មែរបុរាណចារលើសិលាចរឹកថា«ស្រុកខ្មែរ»ព្រមទាំងសត្វម្ករដ៏មហិមា ភ្ជាប់ជាមួយផ្នែកខាងក្រោមអក្សរនៃឈុតនេះទៀត យ៉ាងលេចធ្លោពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅ បង្ហាញពីអត្តសញ្ញាណខ្មែរកាន់តែច្បាស់ៗជាក់ភ្នែកផងដែរ។
គួរឱ្យដឹងផងដែរថា បើតាមបណ្ដាញសង្គម «ទឹក គ្រឿង» បានឱ្យដឹងថា ឈុត «វប្បការិកា ចត្វានិមិត្ត» ដ៏ស្រស់អស្ចារ្យមួយនេះ មានន័យថា ៖
– វប្បការិកា: ស្ត្រីជាអ្នកសាបព្រោះ អ្នកផ្សព្វផ្សាយ
– ចត្វា: ៤
– និមិត្ត: គោល
ជារួម : ស្ត្រីជាអ្នកផ្សាយចេញនូវចំណុចគោលទាំងបួន នៃសិល្បៈវប្បធម៌ជាតិ
– ផ្ទាំងស្បែកធំស្ថិតក្នុងទម្រង់សិល្បៈល្ខោលស្រមោលស្បែកធំរបស់កម្ពុជា។
– ខ្មុកទសមុខ: ខ្មុក ជាមុខដែលតួអង្គប្រើសម្រាប់ពាក់នៅក្នុងប្រភេទល្ខោនខោលខ្មែរ និងមានតួអង្គសម្ដែងសុទ្ធតែជាមនុស្សប្រុសទាំងអស់ ។
– របាំព្រះរាជទ្រព្យ: ច្នៃជាអឌ្ឍកាយរាមសីតា ក្នុងទម្រង់របាំព្រះរាជទ្រព្យ។ លក្ខណៈពិសេសនៃរបាំគឺអ្នករាំសុទ្ធតែជាមនុស្សស្រី លើកលែងតែតួអង្គស្វា និង ឥសីប៉ុណ្ណោះ ដែលសម្ដែងដោយមនុស្សប្រុស។
– ផ្ការំដួល: ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកផ្ការំដួលជាផ្កាតំណាងជាតិ ដោយប្រៀបប្រដូចផ្ការំដួលទៅនឹងនារីក្រមុំដែលទន់ភ្លន់ស្រស់ស្អាតយ៉ាងនោះដែរ៕
មតិយោបល់