ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តដឹកដែកធុនធំ ខណ:ដែលកំពុងបើកក្នុងល្បឿនលឿនស្របពេលនោះ មានរថយន្តបើកឆ្លងផ្លូវកាត់មុខអក់សឺជ្រុលទៅបុករថយន្តកុងតឺន័រ ដែលឈប់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតខ្លួនឯងខ្ទេចផ្នែកខាងមុខ សំណាងអ្នកបើកបរមិនមានរងរបួស។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធុនធំដឹកដែកមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3F-0549 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបើកឆ្លងផ្លូវពីកើតទៅលិចអក់សឺគេចរួចជ្រុលទៅបុកកន្ទុយរថយន្តសណ្ដោងទូកកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3F-4041 ដែលកំពុងចតស្របទិស បណ្ដាលឲ្យរងការខូចខាតខ្លួនឯងយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមទាំងជំនាញចរាចរណ៍នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះដល់ទីតាំងកន្លែងកើតហេតុខាងលើ និងរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះធ្វើការវាស់វែងរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់