(បរទេស)៖ ពេល នេះកម្មវិធី Miss Universe បាន ឈាន ដល់ទីបញ្ចប់ដោយជោគជ័យ ហើយ បន្ទាប់ ពីបាន រកឃើញ ម្ចាស់មកុដប្រចាំឆ្នាំ គឺ បវរកញ្ញា ឥណ្ឌា Harnaaz Sandhu។ បវរកញ្ញាតំណាងឲ្យប្រទេសឥណ្ឌានាង Harnaaz Sandhu កើតនៅថ្ងៃទី03 ខែមីនា ឆ្នាំ២០០០ ក្នុងគ្រួសារSikh នៅ ក្នុងទីក្រុងChandigarh រដ្ឋភាគខាងជើងប្រទេសឥណ្ឌា។ នាងបានទទួលការអប់រំពីសាលារដ្ឋ Shivalik និងបានបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាជំនាញព័ត៌មានវិទ្យា នៅមហាវិទ្យាល័យរដ្ឋាភិបាលសម្រាប់ក្មេងស្រីនៅក្នុងទីក្រុងChandigarh ដែលជាស្រុកកំណើតរបស់នាង ។
យ៉ាងណាមិញ ចំណែកឯកុមារភាព តាំងពីក្មេងមក Sandhu បានចាប់ផ្តើមចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធីបវរកញ្ញានិងឈ្នះពានរង្វាន់ជាច្រើនដូចជា Miss Chandigarh ឆ្នាំ២០១៧ និង Miss Max Emerging Star India ឆ្នាំ២០១៨។ បន្ទាប់មក Harnaaz Sandhu ក៏បានមានឱកាសជាប់ជាបវរកញ្ញាឥណ្ឌាក្នុងឆ្នាំ២០១៩ និងបានជាប់ជាបវរកញ្ញា Miss Diva ឆ្នាំ២០២១ ព្រមទាំងមានឱកាសតំណាងឲ្យឥណ្ឌាចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាលពិភពលោក និងទទួលបានមកុដជាប់ឈ្មោះជា Miss Universe ឆ្នាំ២០២១។
Harnaaz Sandhu បវរកញ្ញាឯកចក្រវាលឆ្នាំ២០២១ មានកម្ពស់១ម៉ែត្រ ៧៦សង់ទីម៉ែត្រ និងមានចំណង់ចំណូលចិត្តខាងធ្វើម្ហូប និងរាំ។ នាងក៏មានជំនាញខាងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ព្រមទាំងមានចំណេះដឹងដ៏ទូលំទូលាយផងដែរ៕
មតិយោបល់