ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ភិរុណ បង្អួតសម្រស់ក្នុងវ័យ៦៣ឆ្នាំ

ភ្នំពេញៈ មានមហាជនតិចណាស់ ដែលបានដឹងថា តារាជើងចាស់លោក ពេជ្រ ភិរុណ មានវ័យ៦៣ឆ្នាំហើយមកទល់នឹងពាក់កណ្ដាលឆ្នាំ២០១៦នេះ។ ប៉ុន្តែបើក្រឡេកទៅមើលរូបសម្រស់របស់លោកនៅខាងក្រៅវិញ គឺមិនខុសពីមនុស្សដែលមានវ័យជាង៤០នោះទេ ជាពិសេសនៅពេលដែលលោកស្រាប់តែបានប្រកាន់ជំហរលេងខ្លួនដូចយុវវ័យ មិនខុសពីតារាបរទេស ឬតារាល្បីៗនៅហូលីវូដ។

ក្នុងបទសម្ភាសន៍ជាមួយ Post News លោកពេជ្រ ភិរុណ បានអះអាងថា រូបនៅខាងក្រៅ និងរូបថតដែលបានផ្ញើឲ្យមានសភាពមិនខុសគ្នានោះទេ ដោយសារតែរូបទាំងនោះលោកទើបតែថតកាលពីប៉ុន្មានសប្ដាហ៍ចុងក្រោយ។ លោកថា សភាពខាងក្រៅរបស់លោកគឺមិនខុសពីតារាស្ទាវដែលចូលចិត្តលែងខ្លួននោះទេ ដោយសារតែលោកនៅចោះក្រវិល និងលែងម៉ូដសក់ជាដើម មិនឲ្យចាស់ជ្រេតាមវ័យបើទោះលោកឈប់ចូលប្រឡូកសិល្បៈក៏ដោយ។ លោកថាគិតត្រឹមពាក់កណ្ដាលឆ្នានេះ រូបលោកមានវ័យ៦៣ឆ្នាំហើយ ប៉ុន្តែលោកមិនបានបណ្ដោយឲ្យរូបសម្រស់ត្រូវចាស់ទៅតាមពេលវេលានោះទេ គឺនៅតែប្រឹងថែទាំសម្រស់ និងសុខភាពជាប្រចាំ។

អតីតស្វាមីរបស់អ្នកនាងអម្ពរ ទេវី រូបនេះនិយាយថា «បងឥឡូវ៦៣គត់ ប៉ុន្តែអ្នកខានឃើញបងពេលខ្លះចំណាំបងអត់បានទេ ដោយសារតែបងទៅជាស្រឡាញ់ការតុបតែងខ្លួនបែបយុវវ័យដូចជាចោះក្រវិល និងលេងវ៉ែនតាអីជាដើម»។ លោកថាសូម្បីតែសំលៀកបំពាក់ក៏លោកកម្រជ្រើសយកពណ៌ស្រគត់ស្រគំ និងម៉ូដបែបចាស់ដែលធ្វើឲ្យលោកធ្លាក់សម្រស់នោះដែរ ដោយសារតែលោកយល់ថារូបលោកនៅលេងខ្លួនសម មិនដូចនឹងមនុស្សដែលមានវ័យ៦៣ឆ្នាំខ្លះ។ លោកនិយាយថា«មិនមែនថាយើងចាស់ហើយនៅចង់ស្ទាវទេអូន ប៉ុន្តែបើបងនៅតែងខ្លួនចឹងមិនទាន់ឆ្គងនៅឡើយ ទើបចេះតែធ្វើចឹងទៅ ម្យ៉ាងបងបើអត់ប្រាប់គេថា៦៣ គេក៏ជឿដែរថាបងទើបតែ៤០ជាងអីប៉ុណ្ណឹងៗ»។

លោកពេជ្រ ភិរុណ បានអះអាងថា ខ្លួនកើតក្នុងឆ្នាំ១៩៥៤ ដោយក្នុងពេលលោកសម្ដែងកុនកាលពីឆ្នាំ១៩៨០ជាង គឺលោកមានវ័យប្រមាណជា៤០ឆ្នាំហើយ ដោយគ្រាន់តែក្នុងពេលនោះលោកបានលាក់អាយុនៅពេលមានការសួរនាំ។ លោកថាហេតុផលដែលលោកមិនសូវចាស់ទ្រុឌទ្រោមឲ្យស្របនឹងវ័យ៦៣ឆ្នាំរបស់ខ្លួន គឺអាចបណ្ដាលមកពីលោកមិនចេះហូបស្រា ហូបបារី និងកាលពីក្មេងគឺបានចំហុយថ្នាំយិនស៊ិនពិសារជាប្រចាំក្នុងពេលរស់នៅជួបជុំជាមួយឪពុកម្ដាយ។ ម្យ៉ាងមកពីលោកមិនធ្លាប់ពិបាក និងធ្វើការនឿយហត់នោះផងទើបមិនសូវចាស់ខ្លាំងដូចអ្នកមានវ័យ៦០ជាងធម្មតា។ លោកថារូបលោករាលថ្ងៃគឺជាជាងកាត់ដេរសំលៀកបំពាក់ទាំងសំលៀកបំពាក់បុរស និងស្ដ្រី អ៊ីចឹងហើយទើបការលែងខ្លួនឲ្យបានស្អាតបាតជាប្រចាំបានក្លាយជាទម្លាប់ចាប់តាំងពីលោកបោះបង់ការសម្ដែង និងក្រោយពីបានបែកបាក់ជាមួយអ្នកនាងអម្ពរ ទេវី។ យ៉ាងណាក៏ដោយលោកបានប្រាប់ថា ថ្វីដ្បិតថាមុខមាត់ និងរូបរាងរបស់លោកមើលទៅនៅសង្ហារមិនខុសពីមនុស្សវ័យត្រឹមជាង៤០ ប៉ុន្តែកម្លាំង និងភាពរហ័សនៃការគិតគឺបានប្រែប្រួលមិនខុសពីមនុស្សដែលមានវ័យ៦០ជាងទូទៅឡើយ៕

មតិយោបល់