ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតករល្បីឈ្មោះរបស់កម្ពុជា ប៉ាន់ រិទ្ធី ឈ្នះពានរង្វាន់ពីកម្មវិធីមហោស្រពភាពយន្តក្រុងប៊ែរឡាំង

(ភ្នំពេញ)៖ ផលិតករសញ្ជាតិខ្មែរ-បារាំង លោក ប៉ាន់ រិទ្ធី និងក្រុមការងារ កាលពីថ្ងៃពុធ បានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់សម្រាប់ស្នាដៃសិល្ប: ឬ Silver Bear Outstanding Artistic Contribution Best Film Award (សីលវើ ប៊ែរ អោតស្ដេនឌីង អាតធីសស្តីក ខនទ្រីប៊្យូសិន ប៊េស ហ្វីម អេវ៉ត) ពីមហោស្រពភាពយន្តប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ សម្រាប់ភាពយន្តថ្មីរបស់លោកមានចំណងជើងថា “Everything Will Be OK”។

ភាពយន្តរបស់ លោក ប៉ាន់ រិទ្ធី ដែលបានចាក់បញ្ចាំង និងឈ្នះពាននៅមហោស្រពភាពយន្តទីក្រុងប៊ែរឡាំងនេះ គឺជាភាពយន្តបែបស្រមើស្រមៃអំពីពិភពលោកមួយដែលត្រូវបានកាន់កាប់អំណាចដោយសត្វ និងឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ធំៗជាច្រើនដែលកើតឡើងក្នុងពិភពលោក នារយ:ពេល ២ឆ្នាំចុងក្រោយ។ ភាពយន្តដទៃទៀតដែលឈ្នះពានរង្វាន់ពីកម្មវិធីមហោស្រពភាពយន្តក្រុងប៊ែរឡាំងលើកទី៧២ មានដូចជាភាពយន្ត “Alcarras” (អាល់ការ៉ាស) របស់អ្នកដឹកនាំរឿងអេស្ប៉ាញឈ្នះពានរង្វាន់ធំ ខណ:ដែលផលិតករបារាំង Claire Denis (ខ្លែរ ដេនីស) ជាមួយស្នាដៃភាពយន្ត “Both Side of the Blade” (បូស សាយ អហ្វ ដឺ ប្លេត) របស់ ឈ្នះពានរង្វាន់អ្នកដឹកនាំរឿងល្អដាច់គេ។

គួរបញ្ជាក់ថាការប្រគល់ពានរង្វាន់នេះត្រូវបានសម្រេចដោយក្រុមគណ:កម្មការដែលមានសមាជិក៧នាក់ ហើយមហោស្រពភាពយន្តមួយនេះមានភាពយន្តជាង ២៥០ភាពយន្តត្រូវបានចាក់បញ្ចាំង និងមានភាពយន្តចំនួន១៨បានឈរឈ្មោះប្រកួតដណ្ដើមយកពានរង្វាន់ធំ៕

មតិយោបល់