ព័ត៌មានសិល្បៈ និងកម្សាន្ត

យីវ ម៉ូនីកា ប្រកាសផ្អាកសម្ដែង ថ្ងៃខួបអាពាហ៍ពិពាហ៍

កាលពីថ្ងៃទី១៥ ឧសភា តារាសម្ដែង អ្នកនាង យីវ ម៉ូនីកា បានប្រារព្ធពិធីជប់លៀងអបអរខួប អាពាហ៍ពិពាហ៍របស់ខ្លួន អមដោយពិធីខួបកំណើតកូនស្រីទី២ ដោយមានសាច់ញាតិបងប្អូន មិនតិចជាង៦០នាក់ចូលរួម។ អ្វីដែលគេកត់សម្គាល់ គឺអ្នកនាងប្រកាសថា នឹងផ្អាកការសម្ដែង រហូតដល់អំឡុងដើមឆ្នាំ២០២០យ៉ាងតិច ទើបអ្នកនាងទទួលសម្ដែងជាថ្មី។

អ្នកនាង យីវ ម៉ូនីកា និយាយថា ដើម្បីរំលឹកអនុស្សាវរីយ៍ចំណងអាពាហ៍ពិពាហ៍រយៈពេល៩ឆ្នាំ ជាមួយស្វាមី ដែលជាមន្ត្រីប្រចាំខណ្ឌពោធិ៍សែនជ័យ និងដើម្បីប្រារព្ធខួបអោយកូនស្រីទី២ វ័យ៦ឆ្នាំផង ទើបអ្នកនាង និងស្វាមី គឺលោក ហុក សុកិត្យា សម្រេចរៀបចំពិធីជប់លៀងជាទ្រង់ទ្រាយធំគួរសម នៅក្នុងហាងស៑ុបធំមួយ ដើម្បីសប្បាយៗ។ អ្នកនាងថា ពិធីដែលបានធ្វើនេះ គ្មានអ្វីក្រៅពីចង់បង្ហាញអោយអ្នកគាំទ្រ មើលឃើញពីសុភមង្គលរបស់គ្រួសារ និងចង់បង្ហាញអោយកាន់តែច្បាស់ថា បើទោះជារវាងអ្នកនាង និងស្វាមី ម្នាក់ គឺជាអ្នកសិល្បៈ ហើយម្នាក់ទៀត គឺជាមន្ត្រីរាជការ ប៉ុន្តែស្ថានភាពរស់នៅ មិនដែលមានផល រមាស់ណាមួយកើតឡើងនោះទេ។

យ៉ាងណាមិញអ្នកនាងក៏សារភាពថា ស្វាមីរបស់អ្នកនាង ក៏ចេះប្រចណ្ឌមិនខុសពីបុរសទូទៅនោះដែរ ប្រសិនបើអ្នកនាងឡុកឡាក់នឹងការសម្ដែង ហើយមានភាពស្និទ្ធស្នាល ជាមួយអ្នកសិល្បៈដូចគ្នាណាម្នាក់។ អុីចឹងហើយ ទើបអ្នកនាងទទួលសម្ដែងតែជាតួអង្គម្ដាយ ឬជាតួបងស្រី ដែលមិនភ័យរឿង សម្ដែងស្និទ្ធស្នាល ជាមួយតួប្រុសណាម្នាក់ ដែលនាំអោយស្វាមី មានអារម្មណ៍មិនល្អ។ ម្យ៉ាងមកពីអ្នកនាង ក៏មិនអាចទទួលសម្ដែង ជាតួដែលមានទំនាក់ទំនងប្លែកភ្នែក នាំអោយស្វាមីបាត់បង់កិត្តិយសនោះផង ទើបតាំងពីចាប់ដៃគ្នា អ្នកនាងមិនដែលទទួលសម្ដែងជាតួមានស្នេហា ហើយមានឈុតអោយតួប្រុស ឱបថើបនោះទេ ពោលគឺបើខាងផលិតករតម្រូវអោយសម្ដែង ជាតួកាន់តែចាស់ គឺអ្នកនាង កាន់តែសប្បាយចិត្ត។

អ្នកនាង យីវ ម៉ូនីកា បន្តថា អ្នកនាងទើបតែបញ្ចប់ការសម្ដែងភាពយន្តរឿង “វាសនានាងវីរីយ៉ា”នៅទូរទស្សន៍ CTN ដោយអ្នកនាងប្រកាសផ្អាក ការសម្ដែងរហូតដល់ចុងឆ្នាំ២០១៩ យ៉ាងហោច ដើម្បីទុកពេលមើល ថែកូនតូចទី៣ ដែលទើបតែមានវ័យ បានជាង១ឆ្នាំ។ អ្នកនាងថា រយៈពេល៩ឆ្នាំ ក្នុងចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមី អ្នកនាងទទួលបានកូនស្រី៣នាក់ ដោយកូនទី១វ័យ៨ឆ្នាំ ទី២វ័យ៦ឆ្នាំ និងទី៣វ័យជាងមួយឆ្នាំ។ ក្នុងនោះអ្នកនាងក៍ឆ្លៀតទទួលការសម្ដែងបានច្រើនរឿងផងដែរ មុនពេលសម្រាលកូនទី៣ និងប្រកាសផ្អាក ដោយភាពយន្តរឿង “នាវាជីវិត”TV11 រឿង “ផ្កាព្រៃស្រទាប់មាស” ប៉ុស្តិ៍លេខ៥ សុទ្ធតែជួយអោយអ្នកនាង ទទួលបានការទទួលស្គាល់ ពីអ្នកតាមដានភាពយន្ត និងរឿង “វាសនានាងវីរីយ៉ា” ដែលគ្រោងនឹងចាក់ផ្សាយនៅ CTN នឹងក្លាយជាភាពយន្តចុងក្រោយ មុនពេលដែលអ្នកនាង ប្រកាសផ្អាកសម្ដែងរហូតដល់ដើមឆ្នាំ២០២០ ទើបទទួលវិញ។

អ្នកនាងថា ផលិតករភាគច្រើននៅតែផ្ដល់ឱកាស អោយនាងបានសម្ដែង ប៉ុន្តែមកពីអ្នកនាងទ័លដៃទ័លជើង នឹងកូនតូច ហើយមិនអាចទទួលសម្ដែងទៀតបាន ទើបសម្រេចចិត្តថា រហូតទាល់តែដើមឆ្នាំក្រោយ ទើបទទួលសម្ដែងម្ដងទៀត។ អ្នកនាងនៅតែរំពឹងថា ការប្រកាសផ្អាករបស់ខ្លួន នឹងមិនធ្វើអោយទស្សនិកជន បំភ្លេចចោល ហើយផលិតករក៏លែងហៅថតនោះដែរ ក្នុងពេលដែលអ្នកនាងរំពឹងថា នៅពេលទទួលសម្ដែង ផលិតករដែលអ្នកនាងធ្លាប់ធ្វើការជាមួយ ពិតជានៅតែផ្ដល់ឱកាស៕

មតិយោបល់