ព័ត៌មានសិល្បៈ និងកម្សាន្ត

សោកស្តាយណាស់! Jane Marczewski អតីតបេក្ខនារី America’s Got Talent បានទទួល មរណភាព ក្រោយ ស៊ូជាមួយ នឹង ជំងឺមហារីក អស់៤ឆ្នាំ

(បរទេស)៖ Jane Marczewski ឬ Nightbirde ដែលជាអតីតបេក្ខនារីក្នុងកម្មវិធី America’s Got Talent បានទទួលមរណភាពហើយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះបើតាមការឱ្យដឹងពីគ្រួសាររបស់នាង។

Nightbirde ធ្លាប់បានធ្វើឱ្យគណកម្មការ និងទស្សនិកជនរំជួលអារម្មណ៍ជាមួយនឹងអត្ថន័យបទចម្រៀង “It’s Ok” ដែលនាងបានច្រៀងពេលប្រកួត ដោយនាងបានឱ្យដឹងថានាងមានជំងឺមហារីករយៈពេល៤ឆ្នាំហើយ ប៉ុន្តែទោះជាយ៉ាងណានាងមិនអស់សង្ឃឹមឡើយ នាងនឹងតស៊ូឱ្យដល់ទីបំផុតមិនព្រមចុះចាញ់ឡើយ។

រហូតមកដល់ពេលនេះ Nightbirde តស៊ូលែងទៅមុខទៀតក្រោយជំងឺមហារីកបានរាលដាលដល់សួត ឆ្អឹងខ្នង និងថ្លើមរហូតនាងទ្រាំទ្រលែងបានទៀត និងបានទទួលមរណភាពក្នុងវ័យ៣១ឆ្នាំ។ គួររំឭកដែរថា ក្រោយចូលរួមប្រកួតក្នុងកម្មវិធី America’s Got Talent រួចមក Nightbirde ទទួលបានអ្នកគាំទ្រយ៉ាងច្រើនត្រឹមមួយប៉ប្រិចភ្នែក ដែលនាងបានក្លាយជាអ្នកលើកទឹកចិត្តដល់មហាជនដែលមានអារម្មណ៍បាក់ទឹកចិត្តផងដែរ។
ការលាទៅលែងត្រលប់របស់ Nightbirde បានធ្វើឱ្យអ្នកគាំទ្រជាច្រើនស្លុតចិត្ត ប៉ុន្តែទោះជាយ៉ាងណា នាងក៏នៅតែស្ថិតក្នុងបេះដូងគ្រប់គ្នាជានិច្ច៕

AMERICA’S GOT TALENT — Episode 1602 — Pictured: Nightbirde — (Photo by: Trae Patton/NBC)

 

មតិយោបល់