ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេង ឡៃហ៊ាន់ បង្អួតភាពជោគជ័យថ្ងៃបង្កក់កូន

ភ្នំពេញ: កាលពីយប់ថ្ងៃទី១៨ មិថុនា តារាចម្រៀង និងជាតារាសម្ដែងក្រមិចក្រមើមលោក ហេង ឡៃហ៊ាន ដែលត្រូវគេស្គាល់ថា ជាតារាជាប់តំណែងប្រជាប្រិយប្រចាំកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១នោះ បានប្រារព្ធពិធីបង្កក់កូនស្រីយ៉ាងអធឹកអធម ដោយមានវត្តមានតារាចម្រៀងល្បីៗពីកម្មវិធីផ្កាយរះក្នុងសួនរបស់ទូរទស្សន៍អប្សរាចូលរួម។

នៅក្នុងពិធីនោះ លោកក៏បានប្រកាសដោយឲ្យដឹងពីគម្រោងជោគជ័យក្នុងមាគ៌ាសិល្ប: បន្ទាប់ពីលោកបានជាប់តំណែងជាតារាផ្កាយរះក្នុងសួនផងដែរ។

លោក ហេង ឡៃហ៊ាន់ លោកពយ បានអះអាងថា ចាប់តាំងពីបានប្រលងជាប់ក្នុងកម្មវិធីផ្កាយរះសួនកាលពីឆ្នាំ២០១៣ ទីផ្សារសិល្ប:របស់លោកទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ លោកថា ក្រៅពីអ្នកចម្រៀងអកកេស ជាតារាសម្ដែងបែបកំប្លែងប្រចាំនៅទូរទស្សន៍អប្សរា លោកក៏បានសម្ដែងរឿងជាច្រើនជាពេលចុងក្រោយធ្វើឲ្យកេរ្តិ៍ឈ្មោះហក់ខ្លាំងព្រមគ្នាទាំងក្នុងអាជីពចម្រៀង និងអាជីពសម្ដែងផងដែរ។
ក្នុងនោះលោកថា ខ្លួនក៏បានជោគជ័យក្នុងអាជីពច្រៀងកាត់សក់បង្កក់សិរី នៅតាមពិធីមង្គលការនានាផងដែរ ដោយគេកត់សម្គាល់ថា លោកសំបូរពាក្យពេចន៍ប្រទាក់ប្រឡាមិនខុសគ្នាពីតារាកំប្លែងលោក ព្រហ្ម ម៉ាញ នោះឡើយ។

ជាក់ស្ដែង នៅក្នុងពិធីបង្កក់កូនស្រីឈ្មោះ ថា លីឈីង កាលពីក្នុងយប់នោះ មិនមានអ្នកណាមិនសើចនោះទេ នៅពេលលោកឡើងឲ្យពរហូរដូចទឹក និយាយមួយសន្ទុះធំសឹងមិនដកដង្ហើម តែមានន័យជ្រាលជ្រៅ និងបង្កប់នូវសំណើច។ លោកថាខ្លួនក៏មានវង់ភ្លេង និងឆាកផ្ទាល់ខ្លួនផងដែរ ទើបលោកយល់ថាខ្លួនលោកជោគជ័យសម្រាប់អាជីពសិល្ប:។ ធៀបនឹងតារាផ្កាយរះក្នុងសួនល្បីឈ្មោះជាច្រើនដូចជាលោកជ័យ សុវ៉ាត់ កញ្ញា ហិន លីដា ប្អូនប្រុស ទុន ឆាងឈុន ប្អូនប្រុស សោម វិរ:បុត្រ ប្អូនប្រុសពុំ ថៃប៊ុនហុក លោកហេង ឡៃហ៊ាន់ ត្រូវគេកត់សម្គាល់ថាជោគជ័យជាងគេសម្រាប់ជីវិតសិល្ប: និងជំហររឹងមាំក្នុងជីវិតស្នេហា។ លោកក៏ត្រៀមប្រែខ្លួនជាអ្នកដឹកនាំសម្ដែងផងដែរ បន្ទាប់ពីមានស្នាដៃសម្ដែងរឿងជាច្រើនបណ្ដាក់គ្នានាពេលចុងក្រោយ។ លោកបញ្ជាក់ថាការសម្ដែងភាពយន្តមិនមែនជាចំណូលចិត្តរបស់ខ្លួននោះទេ ប៉ុន្តែក្រោយការផ្ដល់ឱកាសបានរុញឲ្យលោកចង់វិវត្តន៍ក្លាយជាអ្នកដឹកនាំសម្ដែងមួយទៀត តាមរយ:ការជ្រោមជ្រែងរបស់ផលិតកម្មរស្មីស្ទឹងសង្កែ។ ជាមួយនឹងការវិវត្តន៍ថ្មីនៅលើវិថីសិល្ប:នេះហើយ ទើបលោកសម្រេចចិត្តរៀបចំពិធីបង្កក់កូនធំដុំ ដើម្បីបង្អួតមុខមាត់ផង និងដើម្បីចង់ភ្ជាប់ទំនាក់ទំនងជាមួយតារាសិល្ប:ផង បើទោះជាត្រូវចំណាយច្រើន។

ងាកមកកាន់ពិធីបង្កក់កូននោះវិញ គេឃើញវត្តមានតារាចម្រៀងដែលបានផុសចេញពីកម្មវិធីផ្កាយរះក្នុងសួន យ៉ាងស្កេកស្កះតែម្ដងបង្ហាញខ្លួន ដោយមានទាំងតារានៅក្នុងជំនាន់ទី១ ទី៣ និងតាថាដែលមិនជាប់ចំណាត់ថ្នាក់។ ក្នុងតារាចម្រៀងជំនាន់ទី១ រួមមាន លោកជ័យ សុវ៉ាត ប្អូនប្រុសពុំ ថៃប៊ុនហុក ប្អូនប្រុសសោម វិរ:បុត្រ និងកុមារាកុមារីដែលមានសំឡេងល្អជាច្រើនសុទ្ធតែបានឡើងឆាកហើយបង្ហើសំនៀងយ៉ាងរីករាយនៅលើវេទិកា ដែលមានភ្ញៀវជាតារាសិល្ប:រាប់មិនអស់ចូលរួម៕

មតិយោបល់