ភ្នំពេញៈ យោងតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់លោក កុល សែម ដែលត្រូវគេស្គាល់ថាជាអ្នកចម្រៀងជំនាន់ចាស់ ដែលជាម្ចាស់បទ«ស្រីខ្មៅមាសបង» ឬបទ «មាន់រងាវ»នោះ បានទទួលមរណភាពហើយកាលពីវេលាម៉ោង១០កន្លះព្រឹកថ្ងៃទី៥ កញ្ញានេះ។ សពរបស់លោកកំពុងធ្វើបុណ្យនៅគេហដ្ឋានផ្ទាល់ខ្លួនស្ថិតនៅម្ដុំទូរទស្សន៍អាស៊ីអាគ្នេយ៍ ផ្ទះលេខ១០c ក្រុមទី២ ដោយសពរបស់លោកនឹងគ្រោងបូជានៅវត្តទឹកថ្លានៅព្រឹកថ្ងៃពុធ ទី៧ កញ្ញានេះ។
កូនប្រុសរបស់លោក កុល សែម បានឆ្លើយប្រាប់ Post News ថា ឪពុករបស់លោកបានទទួលមរណភាព បន្ទាប់ពីបានបញ្ជូនទៅលាងឈាមនៅមន្ទីរព្រះកុសមៈ ហើយក៏មានអាការៈធ្វើទុក្ខធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន។ លោកថា ឪពុករបស់លោកមានជំងឺប្រចាំកាយច្រើនមុខ អ៊ីចឹងហើយ ទើបលោកមិនអាចសង្គ្រោះបាន បើទោះជាក្រុមគ្រួសារកូនចៅប្រឹងប្រែងព្យាបាល និងមានក្រុមសប្បុរសជនជាតារាសិល្បៈផងជួយផ្ដល់ជាថវិកា។ លោកទទូចឲ្យក្រុមតារាសិល្បៈ និងសប្បុរសជន ដែលមានទឹកចិត្តអាណិតស្រឡាញ់ចំពោះម្ចាស់បទ «មាន់រងារ» មេត្តាចូលរួមបុណ្យសពឪពុករបស់លោក និងជាពិសេសគឺចូលរួមជូនដំណើរដល់ឪពុកលោកជាលើកចុងក្រោយផងនៅថ្ងៃបូជា។
សម្រាប់សប្បុរសជនដែលមានបំណងចង់ចូលរូមរំលែកទុក្ខរបស់ក្រុមគ្រួសារសពលោកុល សែម សូមទំនាក់ទំនងតាមរយៈលេខ ០១៦ ៦២ ៣៧ ០៣៕
មតិយោបល់