ភ្នំពេញៈ ក្រោយពីសុខ ពិសី កើតទុក្ខមិនសុខចិត្តរឿងលី អ៊ីវ៉ាធីណា សរសើរបេក្ខនារីម្នាក់ ក្នុងកម្មវិធីពេញចិត្តអត់ថា ច្រៀងពិរោះជាងខ្លួន គេកត់សម្គាល់ថា តារាស្រីប្រចាំផលិតកម្មថោន ក៏បានបញ្ចេញវិដេអូឆ្លើយ តបនឹងសុខ ពិសីវិញភ្លាមៗ ។
ជាមួយនឹងការតគ្នា ដោយសង្គ្រាមជាពាក្យ សម្ដីដ៏កម្រនេះ ទាំងតារាសិល្បៈ និងហ្វេនគាំទ្ររបស់តារាទាំងពីរ ក៏ឃើញផ្ទុះឡើងនូវជម្លោះពាក្យសម្ដី ធ្វើទំនាស់ទាំងមូលរាលដាលផងដែរ។ នៅលើបណ្ដាញហ្វេសប៊ុក មានការលើកឡើងពី បញ្ហាថាអ្វីដែលលី អ៊ីវ៉ាធីណា បាននិយាយចំពោះកញ្ញា សុខ ពិសី ថាជាការមើលស្រាល ដល់តារាស្រីប្រចាំផលិតកម្មសាន់ដេររូបនេះ។ មនុស្សមួយក្រុម បានវាយតម្លៃថាលី អ៊ីវ៉ាធីណា ជាគណកម្មការដែលគ្មានវិជ្ជាជីវៈ និងមានបំណងបញ្ឆេះកំហឹងឲ្យសុខ ពិសី និងអ្នកគាំទ្រផ្ទុះកំហឹង ទើបបានជាអ្នកនាងលើកឡើង ពាក្យនោះជាសាធារណៈ នៅលើកញ្ចក់ទូរទស្សន៍ ។ ជាការបកត្រលប់វិញ មនុស្សមួយក្រុម ក៏បានវាយប្រហារ ថាហេតុផលដែល សុខ ពិសី ប្រកាន់ខឹងគឺជា រឿងហួសហេតុ និងបណ្ដាលមកពី នាងមិនព្រមទទួលស្គាល់ពី ការពិតពីទឹកដមសំឡេងរបស់ខ្លួន និងបេក្ខនារីដែលច្រៀងត្រាប់ តាមនាងប៉ុណ្ណោះ។
នៅលើសង្គមហ្វេសប៊ុក ឃើញមនុស្សពីរក្រុមចាប់ផ្ដើមពង្រីក ប្រធានបទមួយនេះឲ្យកាន់តែរាលដាលខ្លាំង ខណៈដែលលី អ៊ីវ៉ាធីណា បញ្ចេញវិដេអូឆ្លើយតបសុខ ពិសី ក៏រឹតតែធ្វើឲ្យមានការវិភាគ បណ្ដាលឲ្យភាគីខាងសុខ ពិសី មិនសប្បាយចិត្តថែមទៀត។ នៅមិនទាន់ដឹងថាជម្លោះពាក្យសម្ដី របស់តារាទាំងពីរ ដែលពង្រីកដោយអ្នកគាំទ្រ ជាតារាសិល្បៈផង និងហ្វេនម្ខាងៗនាពេលនេះ នឹងបញ្ចប់នៅពេលណានោះទេ ក្នុងពេលដែលរឿងរ៉ាវ ទាំងមូលកាន់តែត្រូវអូសបន្លាយ ៕
មតិយោបល់