ភ្នំពេញៈ ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានអំពាវនាវឲ្យ សុខ ពិសី និង លី អ៊ីវ៉ាធីណា ដោះស្រាយរឿងយល់ច្រឡំដ៏តូចនេះ ជាលក្ខណៈឯកជន ទៅ កុំប្រើបណ្តាញសង្គមហ្វេសប៊ុកដោះស្រាយ ដែលធ្វើឲ្យមហាជន វាយប្រហារ ។
ខណៈដែលជម្លោះរវាង សុខ ពិសី និង លី អ៊ីវ៉ាធីណា មិនទាន់ដាច់ស្រឡះនៅឡើយនោះ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ឲ្យដឹងថា លោកពិតជាសោកស្តាយខ្លាំងណាស់ ដែលមានបញ្ហាអ៊ីចឹងកើតឡើង ដោយសារតែរឿងមិនចេះនិយាយគ្នា ព្រោះតែខ្វះការជជែកគ្នា ជាលក្ខណៈឯកជន ដែលបង្កឲ្យមានបញ្ហានេះកើតឡើង ។
ប្រធានសមាគមសិល្បករខ្មែរបានលើកឡើងថា កន្លងទៅលោកតែងតែអំពាវនាវជាញឹកញយ ឲ្យសិល្បករ យើងចេះយល់អធ្យាស្រ័យគ្នា ដោយយកកំហុសតិចតូចមកជជែកគ្នា ជាលក្ខណៈបុគ្គល កុំយកបញ្ហាខ្លួន បង្ហោះនៅលើហ្វេសប៊ុកធ្វើអី ។
លោក សុះ ម៉ាច ថា «ការបង្ហោះរឿងផ្ទាល់ខ្លួន ជាសាធារណៈ របស់អ្នកទាំងពីរ ខ្ញុំឃើញថារហូតមានអ្នកវាយប្រហារដល់អ្នកទាំងពីរតែម្តង នេះហើយជាលទ្ធផល ដែលមិនដោះស្រាយជាលក្ខណៈឯកជន » ។
លោក សុះ ម៉ាច បានបន្តទៀតថា សម្រាប់លី អ៊ីវ៉ាធីណា ក៏មានកំហុសដែរ អាចជារឿងចេតនា ឬអចេតនា ក៏យើងមិនដឹងដែរ តែខាងសុខ ពិសី ការបង្ហោះវីដេអូឃ្លិបនូវការប្រើប្រាស់ពាក្យពេចន៍គាត់ក៏មានជ្រុលដែរ ។ អ៊ីចឹងហើយ លោក សូមឲ្យ អ្នកទាំងពីរ និងសិល្បករផ្សេងទៀត ពេលមានបញ្ហា គួរដោះស្រាយដោយការខលចរចារ ជាលក្ខណៈផ្ទាល់ខ្លួនទៅ កុំទម្លាយជាសាធារណៈ ដើម្បីកុំឲ្យមហាជន វាយប្រហារ ថា សិល្បករខ្មែរ មិនចេះសាមគ្គីគ្នា យោគយល់គ្នា គ្រាន់តែរឿងតិចតូចសោះ៕
មតិយោបល់