កំពង់ធំៈ នៅរដូវវស្សានេះ ផ្លូវលំពីកំពង់ថ្ម ទៅឃុំទំរីង ស្រុកសណ្ដាន់ បានជួបការលំបាក ជាខ្លាំងនិងកាត់ផ្ដាច់ការចរាចរណ៍ទាំងស្រុងទៀតផង ចំពោះរថយន្តតូចៗ និងទោចក្រយានយន្ត ដែលធ្វើឲ្យប្រជាពលរដ្ឋ សំណូមពរ សុំឲ្យរាជរដ្ឋាភិបាល ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីមេត្តាជួយកសាងផ្លូវលំនេះផង ដោយពួកគាត់ចោទថា ការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំពោះផ្លូវលំនេះ គឺបង្ក ឡើងពីរថយន្តដឹកលើសទម្ងន់ ជាពិសេសគឺរថយន្តដឹកឈើ និងដឹកផលដំឡូងមី។
ប្រជាពលរដ្ឋនៅឃុំទំរីង បាននិយាយឲ្យដឹងថា ផ្លូវលំនេះ មិនមែនខូច ត្រឹមតែនៅក្នុងរដូវវស្សានេះទេ គឺខូចភ្លាមៗ បន្ទាប់ធ្វើរួច នៅរដូវប្រាំងមកម្ល៉េះ ដោយសារតែរថយន្តដឹកលើសទម្ងន់ លុះមកដល់រដូវវស្សា មានភ្លៀងជោគជាំ ក៏បណ្ដាលឲ្យខូចតែខ្លាំងតែម្ដងទៅ។
ប្រភពពីប្រជាពលរដ្ឋទាំងនេះ បានបន្តថា រថយន្តធន់ធំ ដឹកលើសទម្ងន់ទាំង នោះគឺធ្វើចរាចរណ៍ ដូចក្បូនកឋិននៅរដូវប្រាំង ហើយគ្មានសមត្ថកិច្ចណាមានវិធានការទប់ស្កាត់ ឬហាមនោះទេ ផ្ទុយទៅវិញពួកគេ គិតតែទទួលយកផលប្រយោជន៍ពីរថយន្តដឹកលើសទម្ងន់ទាំងនោះ តួយ៉ាងដូចជា រថយន្តដឹកឈើ ជាដើម ។ ចំពោះរថយន្តដឹកឈើគឺភាគច្រើន ជារថយន្តរបស់ក្រុមហ៊ុន ដែលទទួលការវិនិយោគ ដីព្រៃសម្បទាននោះ។
ពួកគាត់ បន្តថា ការបង់ពន្ធទៅលើមធ្យោបាយធ្វើដំណើរ ពោលគឺពន្ធផ្លូវនោះ មិនមែនមានតែ ក្រុមហ៊ុននោះទេ ដែលបង់នោះ គឺពួកគាត់ ជាប្រជាពលរដ្ឋ ក៏មានកាតព្វកិច្ចបង់ពន្ធផ្លូវនេះដែរ ។
គួរបញ្ជាក់ផងដែរថា តំបន់ ដែលស្ថិតនៅប៉ែកខាងកើត នៃស្រុកសណ្ដាន់ និងឃុំទំរីង សុទ្ធតែជាតំបន់សេដ្ឋកិច្ច ខាងវិស័យកសិកម្ម ដែលអាជ្ញាធរខេត្តទទួល ស្គាល់ និងកំណត់ថា ជាតំបន់សេដ្ឋកិច្ចពិសេស។
លោក ឡង គីសឹង អភិបាលស្រុកសណ្ដាន់ បានប្រាប់ឲ្យដឹងទាក់ទងនឹងផ្លូវលំ នៅចំណុច៤៤ នេះថា លោកទទួលស្គាល់ថា ដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋមែន ប៉ុន្តែរឿងនេះ គឺកើតតាំង អភិបាលស្រុកមុន មកម្ល៉េះ។
លោកអភិបាលស្រុក បន្តថា ចំពោះផលពិបាកនេះ លោកបានស្នើសុំទៅថ្នាក់លើ តាមឋានានុក្រមហើយ ហើយជាកិច្ចឆ្លើយតបខាងវិស្វកម្ម និងក្រសួងគមនាគមន៍ គេចុះមកត្រួតពិនិត្យហើយ កាលពីថ្មីៗនេះ ដោយស្ថាបនាឡើងវិញទាំងស្រុង នៅចុងឆ្នាំ២០១៦នេះ គឺចំពោះផ្លូវចាស់ក្នុងភូមិ ស្រុកសន្ទុក គឺចាក់កៅស៊ូតាំង ពីច្រកកំពង់ថ្មរហូតដល់គីឡូម៉ែត្រ៤៤ និងបន្ថែមផ្លូវក្រាលគ្រួស ក្រហម៣០គីឡូម៉ែត្រទៀត ទៅឃុំទំរីង ។ ចំណែកផ្លូវក្រាលគ្រួសក្រហម១ខ្សែទៀត ប្រវែង៤៥គីឡូ ម៉ែត្រ ពីឃុំខ្លែង ទៅឃុំទំរីង ហើយតាមរយៈផ្លូវនេះ បានធ្វើប្រជាពលរដ្ឋ ធ្វើដំណើរកាត់ ពីស្រុកប្រាសាទសម្បូរ ទៅឃុំទំរីង ស្រុកសណ្ដាន់ និងចេញទៅផ្លូវ៤៤ ទៅស្រុកសន្ទុកបានយ៉ាងងាយស្រួល និងឆាប់រហ័ស ។
លោកអភិបាលស្រុក បានបន្តឲ្យដឹងទៀតថា នៅតែផ្លូវ១ខ្សែទៀតទេ ដែលជួបការលំបានដែរ តែមិនទាន់បានគម្រោងស្ថាបនា គឺផ្លូវប្រវែង២៨គីឡូម៉ែត្រ ចេញពីភូមិពងទឹក ឃុំមានរិទ្ធ ទៅឃុំទំរីង។
នេះជា ដំណឹងដ៏រីករាយមួយ ដែលប្រជាពលរដ្ឋកំពុងត្រូវការហើយសមិទ្ធផល កើតឡើងពីការប្រឹងប្រែង របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ,ក្រសួងគមនាគមន៍ និងកម្លាំងវិស្វកម្ម ក្រោមគោល នយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ស្របតាមពាក្យស្លោកនិយាយថា ទីណាមានការលំបាក ទីនោះគឺមានមុខគណបក្សប្រជាជន៕
មតិយោបល់